
មនុស្សរាប់សិបនាក់ បានចេញធ្វើបាតុកម្មនៅទីក្រុង El Paso ព្រំដែនរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងច្បាប់អនុវត្តនៅព្រំដែនដ៏ចម្រូងចម្រាស ដែលនឹងផ្តល់សិទ្ធអំណាចដល់អាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ ដើម្បីចាប់ខ្លួនមនុស្សដែលត្រូវបានគេសង្ស័យថាបានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពលរដ្ឋទីក្រុង El Paso និងមេដឹកនាំសាសនារាប់សិបនាក់ បានចូលរួមការដើរដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់នេះ ដែលក្រោយមកបានបញ្ចប់ដើម្បីគោរពវិញ្ញាក្ខន្ធដល់អ្នកដែលបានស្លាប់នៅក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ក្នុងទីក្រុងស៊ីអ៊ូដាដ វ៉ារ៉េស( Ciudad Juarez) ព្រំដែនប្រទេសម៉ិកស៊ិករយៈពេលជិតមួយឆ្នាំ កន្លងទៅនេះ។
យ៉ាងហោចណាស់ ជនអណ្តោប្រវេសន៍ ៣៨នាក់ មកពីអាមេរិកកណ្តាល និងអាមេរិកខាងត្បូង បានស្លាប់ក្នុងអគ្គិភ័យ។
កាលពីថ្ងៃអង្គារ ទី១៩ ខែ មីនា តុលាការឧទ្ធរណ៍ទី ៥ របស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង New Orleans បានបញ្ឈប់ការអនុវត្តច្បាប់នេះ រយៈពេលត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានត្រួសត្រាយផ្លូវឱ្យច្បាប់នេះចូលជាធរមាន។