
កម្មការជាច្រើន បានកំពុងកាត់បំពង់ដែកនៅជ្រុងម្ខាងនៃឃ្លាំងធំមួយ ដែលត្រូវបានគេសាងសង់ នៅជើងភ្នំនៃទីក្រុងហ្ស៊េរុយសាឡឹម។ នៅចុងម្ខាងទៀតនៃឃ្លាំងដ៏ងងឹតនោះ មានកម្មករពីរនាក់ បានប្រឹងប្រែងរៀបឥដ្ឋដែលមិនទាន់បញ្ចប់ ហើយចំណែកដែលនៅសល់ទាំងអស់ គឺជាកន្លែងទំនេរ។
ឥឡូវនេះ មានកម្មករ២៥នាក់ កំពុងសាងសង់អគារ ៣ជាន់ដែលកាលពី ៦ខែមុនពួកគេ មានដល់ចំនួន ១២៥នាក់។
កម្មករដែលបាត់ខ្លួន គឺស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីនប្រហែល ២០០.000នាក់ ដែលធ្លាប់ធ្វើដំណើរជារៀងរាល់ថ្ងៃពីតំបន់វេសបែង ក៏ដូចជា ១៨.៥០០នាក់មកពីតំបន់ហ្កាហ្សា ដែលបច្ចុប្បន្ន ពួកគគគេទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សាជុំវិញការព្រួយបារម្ភអំពីសន្តិសុខ ដោយធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចនៅព្រំដែនរបស់ភាគីទាំងពីរប្រឈមការលំបាក ខ្លំាង។
ពួកគេរួមមានជនជាតិប៉ាឡេស្ទីនប្រហែល ៨០.000នាក់ដែលមានឯកទេសលើការងារដែក រៀបឥដ្ឋ ការងារពុម្ព និងលាបថ្នាំ ដែលជាធម្មតាធ្វើពលកម្មដំបូងយ៉ាងលំបាក នៅការដ្ឋានសំណង់ភាគច្រើនរបស់អ៊ីស្រាអែល។
សម្រាប់ប្រជាជនប៉ាឡេស្ទីន វាមានន័យថា គ្រួសារអាចទទួលបានប្រាក់ចំណូលភ្លាមៗពីកម្មករ ដែលអាចទទួលបានប្រាក់ឈ្នួលនៅក្នុងប្រទេសអ៊ីស្រាអែលបានច្រើនជាងនៅក្នុងដែនដីប៉ាឡេស្ទីនរបស់ពួកគេ រាប់ដងឯឯណោះ។
លោក ម៉ូហាមេដ ដាបូស (Mohammad Dabous) ដែលបានធ្វើដំណើរជាច្រើនឆ្នាំពីភូមិរបស់ខ្លួន Nilin នៅតំបន់វេសបែងភាគខាងជើង ដើម្បីធ្វើការសំណង់នៅទីក្រុង Modiin ដែលជាទីក្រុងមួយឆ្លងកាត់ព្រំដែនក្នុងប្រទេសអ៊ីស្រាអែល បាននិយាយថា៖«ខ្ញុំធ្លាប់មានការងារល្អ ហើយអ្វីៗក៏ល្អដែរ។ ពួកយើងពឹងផ្អែកលើការងារនេះ ដោយគ្មានប្រភពចំណូលផ្សេងទៀតទេ»។