
គណបក្សរបស់លោក Arvind Kejriwal បានឲ្យដឹងថា រដ្ឋមន្រ្ដីប្រចាំរដ្ឋធានីជាតិ Delhi រូបនេះ ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា) ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយទាក់ទងនឹងគោលនយោបាយស្រារបស់រដ្ឋធានីជាតិនេះ ដែលនេះគឺជាផលប៉ះពាល់ដល់ក្រុមគណបក្សប្រឆាំង មុនការបោះឆ្នោត។
ការចាប់ខ្លួននេះមានន័យថា មេដឹកនាំសំខាន់ៗរបស់គណបក្ស Aam Aadmi Party (AAP) ដែលមានអាយុកាល ១ទស្សវត្សរ៍ហើយនោះ កំពុងជាប់ពន្ធនាគារ បន្ទាប់ពីមានការចាប់ខ្លួន កាលពីឆ្នាំមុន ចំពោះជំនួយការ ២រូបរបស់លោក Kejriwal នៅក្នុងករណីដូចគ្នានេះ ដែលការអនុវត្តបែបនេះ ត្រូវបានគណបក្សនេះហៅថា ជា «ការធ្វើនយោបាយទុច្ចរិត»។
គួរបញ្ជាក់ថា លោក Kejriwal វ័យ ៥៥ឆ្នាំ បានឡើងកាន់អំណាចក្នុងនាមជាអ្នកប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយបានបង្កើតគណបក្ស AAP ដែលក្នុងភាសាហិណ្ឌូមានន័យថា «គណបក្សមនុស្សសាមញ្ញ» កាលពីឆ្នាំ២០១១។ នៅពេលដែលព័ត៌មានពីការចាប់ខ្លួនចំពោះរូបលោកបានលេចឡើង អ្នកគាំទ្រជាច្រើននាក់បាននាំគ្នាទៅតវ៉ានៅខាងក្រៅគេហដ្ឋានរបស់លោកដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ហើយបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។
លោកស្រី Atishi Marlena រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រចាំរដ្ឋធានីជាតិ Delhi បានឲ្យដឹងនៅលើបណ្ដាញសង្គមថា គណបក្ស AAP ព្យាយាមលុបបំបាត់ការចាប់ខ្លួនចុងក្រោយនេះ។ លោកស្រីបានប្រាប់ថា៖ «យើងបានស្នើសុំឲ្យមានសវនាការបន្ទាន់មួយពីតុលាការកំពូលនៅយប់នេះដោយខ្លួនឯង»។
ទីភ្នាក់ងារ គឺអគ្គនាយកដ្ឋានអនុវត្តច្បាប់ (ED) កំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា គោលនយោបាយពាក់ព័ន្ធនឹងស្រាដែលបានអនុវត្តដោយរដ្ឋាភិបាលរដ្ឋធានីជាតិ Delhi ក្នុងឆ្នាំ២០២២ ដែលបានបញ្ចប់ការគ្រប់គ្រងរបស់ខ្លួនលើការលក់ស្រា នៅក្នុងរដ្ឋធានីជាតិនេះ បានផ្តល់អត្ថប្រយោជន៍ហួសហេតុដល់អ្នកលក់រាយឯកជន។ បន្ទាប់មក គោលនយោបាយនេះត្រូវបានដកចេញ។ គណបក្ស AAP បាននិយាយថា គ្មានភស្តុតាងពីអំពើខុសឆ្គងបានលេចឡើងនៅក្នុងការស៊ើបអង្កេតនោះឡើយ ហើយលោក Kejriwal ធ្លាប់បាននិយាយថា ប្រសិនបើលោកពុករលួយ «នោះគ្មានអ្នកណាម្នាក់នៅលើលោកនេះដែលស្មោះត្រង់នោះទេ»៕