
អង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារនៅតំបន់ហ្កាហ្សាស្រ្ទីប នឹងត្រូវស្លាប់ដោយសារកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ និងជំងឺបន្ទាប់បន្សំ ។
រូបភាពវីដែអូឃ្លីបចេញដោយទីភ្នាក់ងារសុខភាពរបស់ UNមួយនេះ ឃើញកុមារនៅក្នុងមន្ទីរពេទ្យ ទទួលរងកង្វះជាតិទឹកក្នុងខ្លួន និងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ ។
អ្នកស្រី Shaima ដែលកូនប្រុស Fadi របស់គាត់មានជំងឺស្វិតសួតនោះ និយាយថា លែងមានអ្វីទៀតហើយ ។
អ្នកស្រីបន្តថា ពួកយើងស្ថិតក្នុងសង្រ្គាមអស់រយៈពេល ៥ខែមកហើយមកទល់នឹងពេលនេះ ។ ពី ១ថ្ងៃទៅ ១ថ្ងៃ ស្ថានភាពជំងឺកូនប្រុសរបស់គាត់កាន់តែធ្ងន់ធ្ងរទៅ ។
អង្គការ WHO កំពុងព្យាយាមជួយបង្កើតមណ្ឌលស្ថិរភាព និងអាហារូបត្ថម្ភ ប៉ុន្តែពួកគេនិយាយថា ពួកគេបានមើលឃើញចំនួនខ្ពស់នៃកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយមានជំងឺបន្ទាប់បន្សំលើកុមារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
លោកវេជ្ជបណ្ឌិត Ahmed Dhair គឺជាប្រធានក្រុមការងារសុខភាពតំបន់ហ្កាហ្សារបស់ WHO និយាយថា នៅថ្ងៃនេះ ខ្ញុំជួបព្យាបាលកុមារ ៦នាក់ដែលទទួលរងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ និងមានជំងឺបន្ទាប់បន្សំ ។
អគ្គលេខាធិការអង្គការ WHOលោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានតែការពង្រីកច្រកឆ្លងកាត់ដីគោកចូលតំបន់ហ្កាហ្សាទេ ទើបអាចការពារគ្រោះទុរ្ភិក្សបាន នៅដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ។
សូមបញ្ជាក់ថា សង្គ្រាមរយៈពេល ៥ ខែបានធ្វើឲ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក្នុងចំណោមប្រជាជនប៉ាឡេស្ទីនចំនួន ២,៣ លាននាក់នៅហ្កាហ្សា ដែលនៅក្នុងតំបន់មួយចំនួនឥឡូវនេះលើសពីកម្រិតទុរ្ភិក្សទៅទៀត ។
ទីភ្នាក់ងារជំនួយរបស់ UN បាននិយាយថា ឧបសគ្គដ៏ច្រើនលើសលប់ ចំពោះការផ្លាស់ទីជំនួយទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សា នឹងត្រូវបានយកឈ្នះដោយបទឈប់បាញ់ ហើយនិងការបើកច្រកព្រំដែនដែលបិទដោយអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស់ បានបើកការវាយលុករបស់ពួកគេកាលពីថ្ងៃទី០៧ ខែតុលា ៕