
សហភាពអឺរ៉ុប (EU) និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងពិចារណាលើវិធានការនានា ដើម្បីដោះស្រាយចំពោះការនាំចេញទំនិញពីប្រទេសចិនដែលអាចយកទៅជួយដល់យោធារបស់រុស្ស៊ី ដោយក្នុងនោះរួមទាំងវិធានការដាក់ទណ្ឌកម្មបន្ថែមទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីអ្នកសម្របសម្រួលផ្នែកដាក់ទណ្ឌកម្មរបស់ប្លុកនេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា)។
បេសកជនផ្នែកដាក់ទណ្ឌកម្មរបស់ EU លោក David O'Sullivan បាននិយាយថា លោកបានពិភាក្សាជាមួយសមភាគីសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដើម្បីរកវិធីដោះស្រាយ ចំពោះតួនាទីដែលកំពុងមានកាន់តែខ្លាំងឡើងរបស់ប្រទេសចិន និងតួនាទីនៃមជ្ឈមណ្ឌលផលិតកម្ម នៅអាស៊ីអាគ្នេយ៍ ដែលជាប្រភពនៃផលិតផលបច្ចេកវិទ្យាទំនើប ខណៈដែលបណ្ដាប្រទេសដៃគូស្វែងរកការបង្រ្កាបដល់ការគេចចេញពីទណ្ឌកម្មរបស់លោកខាងលិចរបស់ទីក្រុងមូស្គូ ពោលគឺជាទណ្ឌកម្មដែលត្រូវបានដាក់ ជុំវិញសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ លោក O'Sullivan បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា៖ «យើងនឹងបន្តមើលថា តើយើងអាចដោះស្រាយចំពោះរឿងនោះដោយរបៀបណា»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក EU និងដៃគូនានា បានអនុវត្តនូវទណ្ឌកម្មជាច្រើនដែលផ្តោតលើទីក្រុងមូស្គូ នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីរារាំងរុស្ស៊ីកុំឲ្យទទួលបានប្រាក់ចំណូល និងបច្ចេកវិទ្យាទំនើបដែលប្រទេសនេះត្រូវការ ដើម្បីយកទៅផលិតអាវុធសម្រាប់សង្គ្រាម ដែលបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់ ឬរងរបួស។
ជាមួយគ្នានេះ សម្ព័ន្ធមិត្តក៏បានស្វែងរកការបង្ក្រាបលើការគេចវេសពីវិធានការនានារបស់ទីក្រុងមូស្គូផងដែរ។ លោក O'Sullivan បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនោះបានថយចុះ ហើយក្នុងករណីខ្លះ បានបញ្ឈប់ការដឹកជញ្ជូនទំនិញដែលអាចមានការប្រើប្រាស់យោធា តាមរយៈប្រទេសមួយចំនួន ដូចជាទួរគី ស៊ែប៊ី និងអារ៉ាប់រួមជាដើម៕