
អូស្ត្រាលី និងអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃសុក្រនេះថា មានផលវិបាកដ៏ ធ្ងន់ធ្ងរពីការវាយលុកជើងគោករបស់អ៊ីស្រាអែលលើទីក្រុងរ៉ាហ្វានៅតំបន់ហ្កាហ្សា។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ដោយសារចំនួនជនភៀសខ្លួនដ៏ច្រើនដែលជ្រកកោន នៅក្នុងតំបន់ និងកង្វះកន្លែងសុវត្ថិភាពនៅក្នុងតំបន់ហ្កាហ្សា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកដ៏បំផ្លិចបំផ្លាញសម្រាប់ប្រជាជនស៊ីវិលពីប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានពង្រីកនៅក្នុងទីក្រុងរ៉ាហ្វា»។
អ៊ីស្រាអែលនិយាយថា ការវាយលុកជើងគោកនៅទីក្រុងរ៉ាហ្វា គឺជាការចាំបាច់ ដើម្បីលុបបំបាត់ក្រុមហាម៉ាស ទោះបីជាប្រទេសនានារួមទាំងសហរដ្ឋអាមេរិក បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរសម្រាប់ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ដែលបានជ្រកកោននៅទីនោះ ចាប់តាំងពីត្រូវបានផ្លាស់ទីលំនៅទៅកន្លែងផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងអំឡុងពេលសង្គ្រាមរយៈពេល៥ខែនេះ។ .
សេចក្តីថ្លែងការណ៍ ត្រូវបានចេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ និងការបរទេសរបស់អង់គ្លេស បានជួបជាមួយសមភាគីអូស្ត្រាលីនៅទីក្រុងអាឌូឡេដ (Adelaide) ប្រទេសអូស្ត្រាលី។
ប្រទេសទាំងពីរ ក៏បានរិះគន់យ៉ាងខ្លាំងចំពោះការបន្តឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានព្រមានប្រឆាំងនឹងអស្ថិរភាពសកម្មភាពយោធា នៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិន បាននិងកំពុងបង្កើតវត្តមាន កាន់តែខ្លាំងឡើងនោះ។