
សភារបស់ប្រទេសម៉ុលដូវ៉ា កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា) បានគាំទ្រដល់ការអំពាវនាវ ដែលបន្តជំរុញដល់ការចូលរួមជាមួយសហភាពអឺរ៉ុប (EU) ប៉ុន្តែក្រុមប្រឆាំងបានដើរចេញពីការបោះឆ្នោត ហើយក្រុមអ្នកបំបែកខ្លួន នៅក្នុងតំបន់ Transdniestria បានជំរុញឲ្យអាជ្ញាធរទម្លាក់ចោលការទាមទាររបស់ពួកគេចំពោះដែនដីនេះ។
ប្រធានាធិបតី លោកស្រី Maia Sandu ដែលនិយាយថា រុស្ស៊ីគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខរបស់ប្រទេសម៉ុលដូវ៉ានោះ បានធ្វើឲ្យសមាជិកភាពនៃសហភាពអឺរ៉ុបក្លាយជាមូលដ្ឋានគ្រឹះនៃរដ្ឋបាលរបស់លោកស្រី នៅក្នុងអតីតរដ្ឋសហភាពសូវៀតដែលមានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ុយក្រែន និងរូម៉ានី។
ក្នុងនាមជាអ្នកប្រឆាំងឥតសំចៃមាត់ ចំពោះសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន លោកស្រីបានអំពាវនាវឲ្យមានការធ្វើប្រជាមតិស្ដីពីសមាជិកភាព EU ដែលនឹងត្រូវធ្វើនៅឆ្នាំនេះ។ បន្ទាប់ពីការជជែកដេញដោលគ្នា ដែលត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយកិច្ចប្រជុំកំពូលរបស់ EU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក សភាបានផ្ដល់ការអនុម័តជាមួយនឹងសំឡេងបោះឆ្នោត ៥៣ទល់នឹងសូន្យសំឡេង លើសេចក្តីប្រកាសមួយដែលចែងថា «មានតែការចូលរួមជាមួយអឺរ៉ុបប៉ុណ្ណោះទេដែលអាចធានាអនាគតរបស់ប្រទេសជារដ្ឋអធិបតេយ្យភាព អព្យាក្រឹត និងប្រជាធិបតេយ្យពេញលេញ»៕