ភ្នំពេញ ៖មន្រ្តីជាន់ខ្ពស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បញ្ជាក់ថា តួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាយន្តការដើម្បីទទួលការដោះស្រាយតែសំណុំរឿងរដ្ឋប្បវេណីប៉ុណ្ណោះ និងមិនប្រើប្រាស់យន្តការសម្រេចដូចតុលាការឡើយ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឱ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ថា បន្ទាប់ពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាដើមខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរជាតិមួយនេះបានដំណើរការរៀបចំបទដ្ឋានគតិយុត្ត ជាគោលការណ៍សម្រាប់មន្រ្តីជំនាញអនុវត្តស្របទៅតាមការកំណត់នៃច្បាប់ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម បន្តថា រយៈពេល២២ថ្ងៃ នៃការចាប់ផ្តើមទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋ មានសំណុំរឿងចំនួនជិត ៥០សំណុំរឿង ដែលសំណុំរឿងទាំងអស់នោះ ជាសំណុំរឿងរដ្ឋប្បវេណី ដូចជាករណីទំនាស់ដីធ្លី និងបញ្ហាអចលនវត្ថុជាដើម ខណៈសំណុំរឿងទាំងនោះគ្រោងនឹងចាប់ផ្តើមបើកការដោះស្រាយនាសប្តាហ៍ក្រោយនេះ។
ជាមួយនឹង ការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តម ជិន ម៉ាលីន អះអាងថា អាជ្ញាធរជាតិនេះមិនមែនជាយន្តការដូចតុលាការនោះទេ ជាពិសេសសំណុំរឿងព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋធ្ងន់ធ្ងរមិនត្រូវបានទទួលដោះស្រាះឡើយ ដោយសារសំណុំរឿងទាំងនោះបានសម្រេចរួចរាល់ក្រោមឆន្ទានុសិទ្ធិរបស់តុលាការ។
យ៉ាងណាមិញ ដើម្បីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះអាចប្រព្រឹត្តទៅរលូន និងទទួលលទ្ធផលខ្ពស់ អាជ្ញាធរជាតិនេះនឹងធ្វើកិច្ចសហការជាមួយដៃគូ ពីតាមក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធ តួយ៉ាងក្រសួងអធិការកិច្ច គណៈមេធាវី រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការជុំវិញការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ។
សូមជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមានយន្តការថ្នាក់ជាតិមួយ ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ ក្នុងនោះ កំណែទម្រង់វិស័យយុត្តិធម៌ជាវិស័យអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងនោះការបង្កើតអ.ដ.ក.ក៏ជាយន្តការមួយក្នុងទិសដៅការងាររបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជាផងដែរ៕ អត្ថបទ៖ សេក ឧត្តម
