កោះកុង ៖ ដីព្រៃឈើក្នុងតំបន់ការពារអភិរក្សាជួរភ្នំក្រវាញ ក្នុងឃុំចំនួន២នៅស្រុកថ្មបាំង ខេត្តកោះកុង កំពុងរងការកាប់បំផ្លាញយកធ្វើជាកម្មសិទ្ធិឯកជន ដោយអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តចុះពិនិត្យដាក់ចេញវិធានការច្បាប់ជាបន្ទាន់ផងដែរ។
អាជ្ញាធរខេត្តកោះកុង សមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងដែលមានការកាប់ទន្រ្ទានដីព្រៃចំនួន១៦ទីតាំង ស្ថិតនៅឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការខេត្ត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានឱ្យទូរទស្សន៍ប៊ធីវីដឹងនៅថ្ងៃទី២២ ខែមីនា នេះថា ពិតជាមានការកាប់ទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិប្រាកដមែន។ ឥឡូវនេះលោកណែនាំអប់រំពីផ្លូវច្បាប់នានាដល់ប្រជាពលរដ្ឋ ក្រុមការងារវាស់វែងដីធ្លី អាជ្ញាធភូមិឃុំស្រុក ដោយហ៊ានរាយការណ៍ព័ត៌មានពីក្រុមជនខិលខូលមកកាន់អាជ្ញាធរមន្រ្តីជំនាញ ដើម្បីអនុវត្តច្បាប់ជាធរមាន។
លោកអភិបាលរងខេត្ត ក៏ហាមប្រាមកុំឱ្យមានកាប់រាន ឬឈូសឆាយទាំងដីដែលកាត់ចេញពីតំបន់ការពារ ឬដីដែលស្ថិតនៅក្នុងតំបន់ការពារដែលគ្មានច្បាប់អនុញ្ញាត្ត។ ហាមអាស្រ័យផលលើដីដែលបានកាប់ឆ្ការក្នុងតំបន់ការពារធម្មជាតិក្នុងជួរភ្នំក្រវាញ។ ករណីបើចង់វាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធិពិនិត្យឱ្យលម្អិតពីក្រុមមន្រ្តីវាស់វែងមានលក្ខណៈជាប្រព័ន្ធ និងអ្នកពាក់ព័ន្ធ។
បញ្ហានេះមានក្រុមខិលខូចទន្រ្ទានដីព្រៃនេះដែរ ត្រូវបានលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ថ្លែងថា អាជ្ញាធរ និងក្រុមការងារជំនាញរបស់លោកកំពុងអនុវត្តលើកិច្ចការនេះហើយ ព្រមទាំងដាក់ប្តឹងអញតិជនទៅតុលាការ។
លោកអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បន្ថែមទៀតថា បច្ចុប្បន្ន អាជ្ញាធរ និងមន្រ្តី សមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណមុខសញ្ញាក្រុមជនសង្ស័យដែលប្រព្រឹត្តបទល្មើសធនធានម្មជាតិនេះ។ យោងតាមការពិនិត្យវាយតម្លៃបឋមរបស់មន្រ្តីជំនាញ គឺដីព្រៃឈើក្នុងតំបន់ការពារអភិរក្សជួរភ្នំក្រវាញ នៅស្រុកថ្មបាំង ជាង១០០ហិចតា បានរងការកាប់ទន្រ្ទាន ក្រោយរុករានប្រមណ៦ខែកន្លងទៅ។ ប៉ុន្តែតួលេខនេះ កំពុងបន្តសិក្សាពិនិត្យស្រាវជ្រាវលម្អិតឱ្យកាន់តែច្បាស់ជាងនេះថែមទៀត៕ អត្តបទ ៖ ឈឹម មករា






