
រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោក Alejandro Mayorkas បាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយដល់ប្រទេសកាតេម៉ាឡា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលការលើកឡើងនេះ កើតមានឡើងអំឡុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីលោក Bernardo Arevalo នៅទីក្រុងកាតេម៉ាឡា កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា)។
ជាមួយគ្នានេះលោក Mayorkas ក៏បានរិះគន់ផងដែរចំពោះច្បាប់ S.B.4 របស់រដ្ឋតិចសាស់ ដែលនឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធររដ្ឋ ក្នុងការចាប់ខ្លួន និងកាត់ទោសមនុស្សដែលសង្ស័យថា បានឆ្លងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកខុសច្បាប់ ដោយនិយាយថា ការធ្វើបែបនេះ «មិនស្របតាមរដ្ឋធម្មនុញ្ញ» ទេ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេល និងក្រោយការបោះឆ្នោតឆ្នាំ២០២៣ លោក Arevalo បានប្រឈមនឹងអ្វីដែលលោកហៅថា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ដោយរដ្ឋអាជ្ញាកាតេម៉ាឡា គឺលោកស្រី Consuelo Porras។ ក្នុងរយៈពេលប៉ុន្មានខែដែលនាំទៅដល់ការចូលកាន់តំណែងរបស់លោក ការិយាល័យរបស់រដ្ឋអាជ្ញា បានប៉ុនប៉ងជាច្រើនដង ដើម្បីលុបចោលលទ្ធផលបោះឆ្នោត និងរំខានដល់តុលាការពាក់ព័ន្ធនឹងការបោះឆ្នោតនេះ។
ក្នុងអំឡុងពេលនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើប្រទេសអាមេរិកកណ្តាលមួយនេះ និងដកហូតទិដ្ឋាការរបស់បុគ្គលិករដ្ឋាភិបាល និងម្ចាស់អាជីវកម្មប្រហែល ៤០០នាក់៕