
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមហ៊ុនអណ្តូងរ៉ែ Antofagasta Minerals របស់ឈីលី បានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់រោងចក្របន្សាបទឹកប្រៃតម្លៃជាង ២ពាន់លានដុល្លារសម្រាប់អណ្តូងរ៉ែស្ពាន់ Los Pelambres របស់ខ្លួន ដែលមានគោលដៅបន្ធូរបន្ថយផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានយីយាដល់ការផលិតរបស់ពួកគេ ។
អណ្តូងរ៉ែនេះ គឺជាអណ្តូងរ៉ែដំបូងគេប្រតិបត្តិការជាមួយទឹកបន្សាប នៅក្នុងប្រទេសឈីលីដែលរងគ្រោះដោយសារគ្រោះរាំងស្ងួតរយៈពេល ១៥ឆ្នាំ ដែលបានធ្វើឲ្យរីងអាងស្តុកទឹក និងបង្កឲ្យមានក្តីកង្វល់ពីការផ្គត់ផ្គង់ទឹកសាប ។ ប្រធានាធិបតីឈីលី លោក Gabriel Boric បានកោតសរសើរដល់គម្រោងមួយនេះ ។
គួរឲ្យដឹងថា ក្រុមហ៊ុន Antofagasta បានចាប់ផ្តើមសាងសង់រោងចក្របន្សាបទឹកប្រៃរបស់ពួកគេកាលពីឆ្នាំ ២០១៩ ហើយរោងចក្រនេះ នឹងបូមទឹក ៤០០លីត្រ ក្នុង១វិនាទីសម្រាប់ប្រើប្រាស់នៅអណ្តូងរ៉ែ Los Pelambres ដែលស្ថិតនៅចម្ងាយ ៥៥គ.មពីមាត់សមុទ្រ ។
ក្រុមហ៊ុនមានគម្រោងផ្គត់ផ្គង់ទឹកបន្សាប ៤០០លីត្រក្នុង ១វិនាទីបន្ថែមទៀត នៅដំណាក់កាលទី ២ ដែលគ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រនៅឆ្នាំ ២០២៧ ក៏ដូចជាកាត់បន្ថយសំពាធលើទន្លេ Choapa ស្ថិតនៅក្បែរនោះ ៕