
នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើដំណើរទៅដល់អ៊ីស្រាអែលក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប ជាទីដែលលោកនិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែល នៅតែអាចសម្រេចបាន ។
កិច្ចចរចានៅប្រទេសកាតា ផ្តោតសំខាន់លើបទឈប់បាញ់រយៈពេល ៦សប្តាហ៍ ដែលនឹងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ៤០នាក់ ជាការដោះដូរអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់នៅក្នុងពន្ធនាគារអ៊ីស្រាអែល ក៏ដូចជាត្រួសត្រាយផ្លូវសម្រាប់ជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលគ្រោះទុរ្ភិក្សជិតកើតមាន ដោយសារតែកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរបំផុត ។
ចំណុចខ្ទាស់ដ៏សំខាន់គឺក្រុមហាម៉ាស់និយាយថា ពួកគេនឹងដោះលែងចំណាប់ថ្នូរដរាបណាជាផ្នែកមួយនៃកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ខណៈអ៊ីស្រាអែល និយាយថា ពួកគេពិភាក្សាលើតែការផ្អាកសង្រ្គាមបណ្តោះអាសន្នប៉ុណ្ណោះ ។
មន្រ្តីប៉ាឡេស្ទីនមួយរូបដែលដឹងច្បាស់កិច្ចខិតខំសម្របសម្រួល និងសុំមិនបញ្ចេញឈ្មោះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហាម៉ាស់បង្ហាញភាពបត់បែន ។ លោកថា អ៊ីស្រាអែលបន្តធ្វើឲ្យកើតមានភាពជាប់គាំង ដោយសារតែពួកគេមិនចង់បញ្ចប់សង្រ្គាមនៅហ្កាហ្សា ។
ដោយឡែក ប្រធានក្រុមចារកម្មអ៊ីស្រាអែលគ្រោងនឹងធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សានៅថ្ងៃសុក្រនេះ សម្រាប់កិច្ចចរចាបទឈប់បាញ់ ៕