
ភ្នំពេញ៖ កម្ពុជាបានប្រកាសពីការរកឃើញមនុស្ស ៣៧នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី Delta ដែលបានធ្វើដំណើរចូលមកប្រទេសកម្ពុជាចាប់ពីសប្ដាហ៍មុនរហូតដល់សប្ដាហ៍នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ចាក់ថា ពលរដ្ឋខ្មែររហូតដល់ទៅ ៣៤នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta បន្ទាប់ពីពួកគេបានធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញចន្លោះពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា។
ក្រសួងក៏បានឱ្យដឹងផងដែរថា ករណីឆ្លងមេរោគបំប្លែងថ្មីចំនួន ៣ករណីទៀត ត្រូវបានរកឃើញលើជនជាតិឥណ្ឌូនេស៊ី ដែលបានធ្វើដំណើរចូលមកកម្ពុជាតាមជើងហោះហើរនៅថ្ងៃទី០៥ ខែកក្កដា។
បើតាមក្រសួងសុខាភិបាល កម្ពុជារកឃើញមនុស្សសរុប ៧៥នាក់ហើយបានឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta នេះ ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសទាំងអស់៕


