
ក្រសួងការពារជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីនៃប្រទេសអ៊ូហ្គង់ដា លោក Yoweri Museveni បានតែងតាំងកូនប្រុសរបស់ខ្លួន លោក Muhoozi Kainerugaba ជាប្រមុខយោធា។
លោក Muhoozi Kainerugaba មានវ័យ៤៨ឆ្នាំ ជាឧត្តមសេនីយ៍ក្នុងជួរយោធា ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាអ្នកស្នងតំណែងរបស់ឪពុកខ្លួន ហើយធ្លាប់បង្កជម្លោះដោយការគំរាមកំហែងឈ្លានពានប្រទេសជិតខាងកេនយ៉ា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកជំនួសតំណែងលោក Wilson Mbasu Mbadi ដែលត្រូវបានដកចេញ និងតែងតាំងជាអនុរដ្ឋមន្ត្រី។
នៅឆ្នាំ២០២២ លោក Museveni បានដកកូនប្រុសរបស់ខ្លួនចេញពីតំណែងជាមេបញ្ជាការកងកម្លាំងជើងគោករបស់អ៊ូហ្គង់ដា បន្ទាប់ពីរូបគេ បានធ្វើការគំរាមកំហែងលុកលុយប្រទេសជិតខាងកេនយ៉ា នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមX។
នៅក្នុងការបង្ហោះនោះ លោក Kainerugaba ក៏បានសម្តែងការគាំទ្រចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយនិយាយថា៖«មនុស្សជាតិភាគច្រើន (ដែលមិនមែនជាជនជាតិស្បែកស)គាំទ្រជំហររបស់រុស្ស៊ី នៅអ៊ុយក្រែន» ។
លោក Kainerugaba ត្រូវបានគេមើលឃើញជាយូរមកហើយថា កំពុងត្រូវបានរៀបចំ ដើម្បីឡើងកាន់តំណែងប្រធានាធិបតីពីឪពុករបស់ខ្លួនដែលមានវ័យ៧៩ឆ្នាំ បានគ្រប់គ្រងប្រទេសអាហ្វ្រិកខាងកើតអស់ រយៈពេលជិត ៤០ឆ្នាំ។