ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម Jean-Marc BERTHON ឯកអគ្គ រដ្ឋទូតបារាំងទទួលបន្ទុកសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា,នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អាជ្ញាធរជាតិមួយនេះ ស្ថិតនៅក្រោមការគ្រប់ គ្រងផ្ទាល់របស់គណៈរដ្ឋមន្រ្តី ដែលត្រូវរាយការណ៍ផ្ទាល់ទៅនាយករដ្ឋមន្រ្តី។ នេះជាចំណុចពិសេសរប ស់កម្ពុជា។ ឯកឧត្តមបន្ថែមថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានអនុម័តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលត្រូវដាក់ឱ្យអនុវត្តចាប់ពីពេលនេះតទៅ។ ចំពោះគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៨៦-៩៩-៩៨ គឺបានលើសគោលដៅទី២ និងទី៣។ ប៉ុន្តែយើងត្រូវការខិតខំធ្វើឱ្យសម្រេចគោលដៅទី១។
ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណកម្ពុជា ដែលមានការយកចិត្តទុកដាក់ចំ ពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលយកអនុសាសន៍របស់អង្គការសហប្រជាជាតិអំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ បារាំងក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ហើយបារាំងមានកិត្តិយសជាប្រទេសទី២ ដែលផ្តល់ជំនួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានឱ្យដឹងដែរថា ចំនួនអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាបច្ចុប្បន្នមានប្រមា ណ១០ម៉ឺននាក់។ ចំពោះករណីឆ្លងមេរោគអេដស៍ថ្មី កាលពីឆ្នាំ២០១៩ មានចំនួន៧៨០ករណី។ នៅក្នុងឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១៤០០ករណី ក្នុងនោះ៦០០ករណីជាអ្នកស្រឡា ញ់ភេទដូចគ្នា។ នេះជាកង្វល់ដែលយើងកំពុងសម្រួចទិសដៅទៅធ្វើការជាមួយយុវវ័យ។ នៅកម្ពុជា យើងបានធ្វើការឈានមុខក្នុងការគាំពារសង្គមដល់ប្រជាជនគន្លឹះ ក្នុងនោះនារីបម្រើសេវាកម្សាន្តទទួ លបានបណ្ណ.ប.ស.ស. ដែលពេលមានជំងឺទៅព្យាបាលដោយមិនបង់ប្រាក់។ អ្នកផ្ទុកមេរោគអេដស៍ក៏ត្រូវបានទទួលស្គាល់ថា ជាប្រជាជនក្រីក្រ និងបានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម និងប្រាក់ឧបត្ថម្ភផងដែរ។ ចំណុចដែលខុសពីប្រទេសផ្សេងគឺ កម្ពុជាបានអនុញ្ញាតឱ្យមានតំណាងប្រជាជនគន្លឹះនៅគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឱ្យពួកគាត់លើកបញ្ហាមកបង្ហាញយើងដើម្បីដោះស្រាយ។ ចំពោះរឿងការរំលោភបំពាន ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា យើងមិនមានឃើញទេ ហើយអាជ្ញាធរយើងជួយការពារថែមទៀត៕
អត្ថបទ រដ្ឋា








