
មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ និងមនុស្ស ១៤នាក់ផ្សេងទៀត បានរងរបួសនៅទីក្រុង Khmelnytskyi ស្ថិតនៅភាគខាងលិចអ៊ុយក្រែន ក្រោយការវាយប្រហារតាមច្រកអាកាសចុងក្រោយគេរបស់រុស្ស៊ី កាលបីយប់កន្លងទៅ ។ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។
លោក Klymenko បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា មនុស្ស ៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
លោកបានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញក្រុមជួយសង្រ្គោះជម្លៀសមនុស្សម្នាក់ចេញពីអគាររងការបំផ្លិចបំផ្លាញនៅទីក្រុង Khmelnytskyi ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងរបស់អគារ ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
ដោយឡែក រុស្ស៊ី បានអះអាងថា ខ្លួនបានវាយប្រហារទៅលើមជ្ឈមណ្ឌលទីបញ្ជាការយោធារបស់អ៊ុយក្រែន និងស្ទាក់ចាប់បានគ្រាប់រ៉ុក្កែតអ៊ុយក្រែនជាច្រើនគ្រាប់ ហើយនិងយានដ្រូនជាច្រើនគ្រឿងទៀត ខណៈអ៊ុយក្រែន បាននិយាយនៅថ្ងៃតែមួយនេះថា ខ្លួនបានវាយប្រហារប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី និងទីតាំងយោធាផ្សេងជាច្រើនទៀត ៕