
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដែលបានបណ្តាលឲ្យមនុស្សស្លាប់ ដោយបានកំណត់គោលដៅមនុស្ស ដែលកំពុងព្យាយាមបើកប្រាក់បៀវត្សរ៍របស់ពួកគេ នៅឯធនាគារមួយ នៅប្រទេសអាហ្វហ្គានីស្ថានភាគខាងត្បូង។ ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃព្រហស្បតិ៍នៅឯសាខាធនាគារ New Kabul ក្នុងទីក្រុងកាន់ដាហា( Kandahar) បានសម្លាប់មនុស្សបីនាក់ និង១២នាក់ផ្សេងទៀត រងរបួស។
លោក Inamullah Samangani ប្រធានមន្ទីរព័ត៌មាន និងវប្បធម៌ទីក្រុងកាន់ដាហា បាននិយាយថា ជនរងគ្រោះទាំងអស់ បានប្រមូលផ្តុំគ្នានៅទីនោះ ដើម្បីបើកប្រាក់បៀវត្សរ៍ប្រចាំខែរបស់ពួកគេ។
លោក Abdul Mateen Qani អ្នកនាំពាក្យក្រសួងមហាផ្ទៃតាលីបង់ បានបញ្ជាក់ថា គោលដៅនៃការវាយប្រហារ គឺជាជនស៊ីវិល ហើយជនរងគ្រោះ គឺជាប្រជាជនក្នុងតំបន់។ លោកបានបន្ថែមថា ការស៊ើបអង្កេតកំពុងបន្ត។
សាខារបស់ក្រុមរដ្ឋឥស្លាម ដែលជាគូប្រជែងដ៏ធំរបស់ក្រុមតាលីបង់ បានធ្វើការវាយប្រហារលើសាលារៀន មន្ទីរពេទ្យ វិហារឥស្លាម និងតំបន់ដែលមានអ្នកកាន់សាសនាឥស្លាមនិយាយស៊ីអ៊ីត នៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន។
ក្រុមសកម្មប្រយុទ្ធនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទីភ្នាក់ងារសារព័ត៌មានរបស់ខ្លួន Aamaq កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រឿងផ្ទុះដាក់ភា្ជប់ជាមួយខ្សែក្រវាត់របស់ខ្លួន នៅក្នុងចំណោមក្រុមតាលីបង់ ដែលប្រមូលផ្តុំនៅជិតធនាគារ ដើម្បីបើកប្រាក់ខែរបស់ពួកគេនោះ។