
ក្រសួងការពារជាតិ បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានសម្លាប់ទាហាននីហ្សេរីយ៉ាយ៉ាងតិច ២៣នាក់ និង១៧នាក់ទៀតរងរបួស ក្នុងអំឡុងពេលការវាយប្រហារលើអង្គភាពយោធាមួយ នៅជ្រុងភាគពាយ័ព្យនៃប្រទេស កាលពីថ្ងៃពុធ។
បុរសប្រដាប់អាវុធជាង ១០០នាក់ជិះម៉ូតូ និងរថយន្ត បានប្រើប្រាស់ឧបករណ៍បំផ្ទុះកែច្នៃ និងគ្រាប់បែកអត្តឃាត ដើម្បីស្ទាក់វាយអង្គភាពយោធា ខណៈដែលខ្លួន កំពុងធ្វើដំណើរត្រឡប់ពីប្រតិបត្តិការ នៅក្នុងតំបន់ Tillaberi ដែលញាំញីដោយការបះបោរ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារនេះ បានកើតឡើងនៅចន្លោះឃុំ Teguey និង Bankiare ។ របាយការណ៍ បានបន្ថែមថា អ្នកវាយប្រហារប្រហែល ៣០នាក់ ត្រូវបានសម្លាប់។
នីហ្សេ គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្រ្វិកខាងលិចជាច្រើនដែលកំពុងប្រយុទ្ធនឹងការបះបោរ ឥស្លាមនិយម ដែលបានរីករាលដាលចេញពីប្រទេសម៉ាលី ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានបណ្តាលឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។
ការខកចិត្តចំពោះការបរាជ័យរបស់អាជ្ញាធរក្នុងការការពារជនស៊ីវិល បានជំរុញឲ្យមានរដ្ឋប្រហារយោធានៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ និងនីហ្សេ ចាប់តាំងពីឆ្នាំ ២០២០។