
ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃសុក្រ (ទី២២ ខែមីនា) នេះ បានចោទប្រកាន់នាវាចិនថា បាន «បើកបរពត់ពេនរេចុះឡើងយ៉ាងគ្រោះថ្នាក់» ខណៈដែលនាវានេះប៉ុនប៉ងរារាំងអ្នកវិទ្យាសាស្ត្រហ្វីលីពីនមិនឲ្យទៅដល់តំបន់ថ្មប៉ប្រះទឹក នៅក្នុងសមុទ្រចិនខាងត្បូង។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា) នៅជិតតំបន់ថ្មប៉ប្រះទឹក Sandy Cay ដោយមានចម្ងាយជាច្រើនគីឡូម៉ែត្រពីកោះ Thitu ដែលកាន់កាប់ដោយហ្វីលីពីន ពោលគឺក្នុងតំបន់ដណ្ដើមគ្នាត្រួតត្រា នៅប្រជុំកោះ Spratly ជាកន្លែងដែលប្រទេសទាំង២ បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀត ក្នុងប៉ុន្មានខែថ្មីៗនេះ។
ការប្រឈមមុខដាក់គ្នារវាងនាវាចិន និងហ្វីលីពីន ក្នុងនោះរួមទាំងការប៉ះទង្គិចគ្នានៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រផងដែរនោះ បានធ្វើឲ្យអាប់អួដល់ទំនាក់ទំនង រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំងដែលមានប្រវត្តិជម្លោះដែនសមុទ្រជាមួយគ្នាជាយូរណាស់មកហើយ។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន គឺឧត្តមនាវីត្រីលោក Jay Tarriela បានប្រាប់ថា នៅក្នុងឧបទ្ទវហេតុចុងក្រោយនេះ ទូកដែលជាកម្មសិទ្ធិរបស់ការិយាល័យជលផល និងធនធានវារីជាតិរបស់ហ្វីលីពីន កំពុងដឹកអ្នកវិទ្យាសាស្ត្រផ្នែកសមុទ្រទៅកាន់តំបន់ថ្មប៉ប្រះទឹក នៅពេលដែលនាវាឆ្មាំល្បាតឆ្នេររបស់ចិនបានបើកកាត់ផ្លូវរបស់ទូកនេះ ដោយចូលមកជិតទូកចម្ងាយ ១០០ម៉ែត្រ។
លោកបាននិយាយថា នាវារបស់ឆ្មាំសមុទ្រចិន បានចុចស៊ីរ៉ែនរយៈពេលជាង ៣០នាទី ដើម្បីពញ្ញាក់អារម្មណ៍ឲ្យដឹងថា មានទូក «កងជីវពលដែនសមុទ្រចិន» នៅក្នុងតំបន់នេះ។ ប៉ុន្តែឆ្មាំល្បាតឆ្នេរចិនបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍នោះថា ជនជាតិហ្វីលីពីនចំនួន ៣៤នាក់ បានចូលចតដោយខុសច្បាប់នៅតំបន់ថ្មប៉ប្រះទឹក ដែលខ្លួនហៅថា Tiexian Jiao ហើយហ្វីលីពីនហៅថា Pagasa Cay 2៕