
ទូរទស្សន៍រដ្ឋជប៉ុន NHK បានរាយការណ៍ថា បុរសវ័យ ២៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយរូបលោកដេញចាក់ដោយកាំបិតឲ្យរងរបួសស្រ្តី ៣នាក់នៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងទីប្រជុំជន Kumamoto នាព្រឹកថ្ងៃសុក្រនេះ ។
NHK រាយការណ៍ថា នៅវេលាម៉ោង ៩ និង ១០នាទីព្រឹក ម៉ោងក្នុងស្រុកនៅជប៉ុន និយោជិកស្រី ៣នាក់ ក្នុងភោជនីយដ្ឋានស្ថិតនៅកណ្តាលទីក្រុង Kumamoto បានរងរបួសក្នុងឧបទ្ទេវហេតុដេញចាក់ ហើយត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ ។
អ្នកគ្រប់គ្រងភោជនីយដ្ឋានដែលរត់ចេញពីកន្លែងកើតហេតុ ក្រោយមកត្រូវបានចាប់ខ្លួនដោយក្រុមនគរបាល ពីបទសង្ស័យប៉ុនប៉ងធ្វើឃាត ។
គួរឲ្យដឹងថា កាលពីខែកុម្ភៈកន្លងទៅ មនុស្សម្នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២នាក់ផ្សេងទៀត រងរបួសក្នុងឧបទ្ទេវហេតុដេញចាក់នៅម៉ាតលក់ទំនិញ ស្ថិតក្នុងខេត្ត Hokkaido ប៉ុន្តែអំពើហិង្សាតាមទីសាធារណៈ ស្ថិតក្នុងកម្រិតទាបដដែលនៅប្រទេសជប៉ុន ៕