ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ នេះបានឱ្យដឹងថា ក្រសួងបានចាប់ផ្ដើមបើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ១ រសៀលនៅថ្ងៃទី២២ ខែមីនានេះ ដោយបានដំ ណើរការយ៉ាងរលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករនិយោជិតទាំងអស់។
ប្រភពដដែលបានឱ្យដឹងទៀតថា គិតត្រឹមម៉ោង ៥ ល្ងាចនៃថ្ងៃទី២២ ខែមីនា មានបងប្អូនកម្មករនិយោ ជិតសរុបចំនួន ១៩៧២ នាក់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួន។ ដើម្បីបង្កល ក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតដែលមានការងារថ្មីនោះ ក្រុមការងារក្រសួងក៏នឹងបើកផ្តល់ប្រាក់នៅថ្ងៃសៅរ៍ទី២៣, ថ្ងៃអាទិត្យទី២៤ ខែមីនា និងថ្ងៃបន្តបន្ទាប់ទៀត ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០ នាទីល្ងាច។ ក្រសួងក៏មានផ្តល់ជូននូវទឹកសុទ្ធ ភេសជ្ជៈ និងអាហារជូនបងប្អូនផងដែរ។
ក្រសួងក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ដែលមិនទាន់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់ទៅបើកប្រាក់ឱ្យបានគ្រប់ៗគ្នា។
ក្រសួងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលមានកិច្ចស ហការល្អ និងសូមជូនពរបងប្អូនកម្មករនិយោជិតដែលមានការងារថ្មីរួចហើយ ឱ្យទទួលបានការរីកចម្រើន។ ចំពោះបងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងបន្តប្រចាំការនៅមុខសាលាខណ្ឌដង្កោ និងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ដោយ៖ គង់ ឌិន










