
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់ UN និយាយនៅថ្ងៃសុក្រនេះថា ជនជាតិរ៉ូហ៊ីងយ៉ាងជាង ៧០នាក់ ស្លាប់ ឬបាត់ខ្លួន ក្រោយទូករបស់ពួកគេលិចនៅជិតតំបន់ឆ្នេរខេត្តអាឆេ ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះមនុស្ស ៧៥នាក់ ត្រូវបានជួយសង្រ្គោះ ។
UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយអង្គការអន្តរជាតិទទួលបន្ទុកអន្តោប្រវេសន៍ថា បើសិនជាចំនួនមនុស្សស្លាប់ត្រូវបានបញ្ជាក់ពិតមែន វានឹងក្លាយជាការបាត់បង់អាយុជីវិតមនុស្សច្រើនបំផុតមកទល់ពេលនេះ ក្នុងឆ្នាំនេះ ។
ការប្រកាសអាសន្ន បានធ្វើឡើងកាលពីថ្ងៃពុធ ពេលដែលក្រុមអ្នកនេសាទសង្រ្គោះជនអន្តោប្រវេសន៍ ៦នាក់ ។
សហគមន៍នេសាទត្រីនៅខេត្តអាឆេ និយាយថា ជនអន្តោប្រវេសន៍ បានឈរនៅលើគ្រោងទូកក្រោយពេលវាលិចដោយសារតែជំនោរសមុទ្រខ្ពស់ ។
គួរឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា បានចាកចេញពីសហភាពមីយ៉ាន់ម៉ាដែលពលរដ្ឋភាគច្រើនរបស់ពួកគេជាពុទ្ធសាសនិក ក្រោយរងការរំលោភបំពាន និងត្រូវបានគេច្រានចោលសញ្ជាតិ ។
ទិន្នន័យរបស់ UNHCR បង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាងជាង ២.៣០០នាក់ បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ពោលគឺមានចំនួនច្រើនជាងជនជាតិរ៉ូហ៊ីងយ៉ាងសរុបរួមគ្នាដែលបានធ្វើដំណើរទៅដល់ ក្នុងរយៈពេល ៤ឆ្នាំមុន ។
UNHCR បាននិយាយកាលពីខែមករាថា ចំនួនជនជាតិរ៉ូហ៊ីងយ៉ាងហោច ៥៦៩នាក់ ដែលបានស្លាប់ ឬបាត់ខ្លួនកាលពីឆ្នាំ ២០២៣ អំឡុងពេលព្យាយាមរត់ភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ឬបង់ក្លាដែសនោះ គឺជាចំនួនគ្រោះថ្នាក់ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៤ ៕