
សិង្ហបុរី និយាយថា កងទ័ពអាកាសរបស់ខ្លួន បានទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសជាលើកដំបូងដល់តំបន់ហ្កាហ្សាកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃជំនួយមនុស្សជាលើកទី ៣របស់ពួកគេសម្រាប់ដែនដីបិទច្រកមួយនេះ ។
ក្រសួងការពារជាតិសិង្ហបុរី និយាយនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា កងទ័ពអាកាសសាធារណរដ្ឋសិង្ហបុរី និងកងទ័ពសិង្ហបុរី បានបញ្ចប់ការទម្លាក់ជំនួយជាមួយកងទ័ពអាកាសភូមិន្ទហ្សកដានី ។
ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិសិង្ហបុរីលោក Mohamad Zaqy និយាយថា កញ្ចប់ជំនួយមនុស្សធម៌នេះ មានកញ្ចប់អាហារ និងគ្រឿងផ្គត់ផ្គង់សំខាន់ រួមទាំងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងសម្ភារប្រើប្រាស់ផ្សេងទៀត ដោយផ្អែកលើតម្រូវការជាក់ស្តែងនៅតំបន់ហ្កាហ្សា ។
សូមបញ្ជាក់ថា ការទម្លាក់គ្រឿងផ្គត់ផ្គង់ពីលើអាកាសដល់ពលរដ្ឋក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ផ្តួចផ្តើមឡើងដោយប្រទេសហ្សកដានី ក្នុងនោះសហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់ បានចូលរួមផងដែរ ៕