
បេសកជនពិសេសរបស់ចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី នៅថ្ងៃសុក្រ (ទី២២ ខែមីនា) នេះ បាននិយាយថា ទាំងរុស្ស៊ី និងអ៊ុយក្រែនជឿជាក់ថា វិបត្តិរបស់ពួកគេនឹងត្រូវបានដោះស្រាយតាមរយៈការចរចាសន្តិភាព ទោះបីជាភាគីទាំង២ ប្រកាន់ជំហររឹងមាំ និងមានការយល់ឃើញខុសគ្នាខ្លាំង នៅពេលនិយាយអំពីកិច្ចចរចាសន្តិភាពក៏ដោយ។
បេសកជនពិសេសរបស់ប្រទេសចិនបានលើកឡើងថា ប្រទេសចិនចង់ឃើញសន្និសីទសន្តិភាពអន្តរជាតិមួយដែលត្រូវបានទទួលស្គាល់ទាំងពីរុស្ស៊ី និងអ៊ុយក្រែន ពោលគឺជាកិច្ចចរចាមួយ ដែលភាគីទាំង២ ចូលរួមដោយស្មើភាពគ្នា។
បេសកជនលោក Li Hui បាននិយាយថា ប្រទេសចិនបានដាក់ចេញនូវសំណើនានា ដោយមានចេតនាតែមួយគត់ ក្នុងការធានាឲ្យមានសន្និសីទសន្តិភាពដែលប្រទេសស្វីសយល់ព្រមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ទទួលបានជោគជ័យ។ លោក Li បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនបានឈរ «ដោយលាដៃស្វាគមន៍» ដើម្បីទទួលយកអ្វីដែលអំណោយផលដល់ការបន្ថយជម្លោះ និងការចរចា៕