
វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២២ ខែមីនា) បាននិយាយថា នាយកដ្ឋានច្បាប់របស់ធនាគារលោកខាងលិចដឹងច្បាស់ពី «ផលវិបាកដ៏មហន្តរាយ» ដែលនឹងកើតឡើង ប្រសិនបើសហភាពអឺរ៉ុប (EU) បន្តផែនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។
ប្រភពឧស្សាហកម្មជាន់ខ្ពស់ បានឲ្យដឹងថា ធនាគារលោកខាងលិចមួយចំនួន កំពុងធ្វើការបញ្ចុះបញ្ចូលប្រឆាំងនឹងសំណើរបស់ EU ក្នុងការបែងចែកជាថ្មីនូវការប្រាក់រាប់ពាន់លានអឺរ៉ូដែលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកទុក ព្រោះពួកគេបារម្ភថា ការធ្វើបែបនេះអាចនាំឲ្យមានវិវាទដែលបង្កខូចខាតធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា បណ្ដាមេដឹកនាំ EU កាលពីថ្ងៃព្រហស្បតិ៍បានយល់ព្រមបន្តការងារលើផែនការប្រើប្រាស់ទឹកប្រាក់រហូតដល់ ៣ពាន់លានអឺរ៉ូ (៣,២៤ពាន់លានដុល្លារ) ក្នុង ១ឆ្នាំ ដើម្បីយកទៅទិញអាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែន ខណៈដែលពួកគេព្យាយាមជំរុញការប្រយុទ្ធរបស់ទីក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី ដែលនឹងនៅតែកាន់កាប់ទ្រព្យសម្បត្តិដែលត្រូវបានផ្អឹបទុក។ បណ្ដាមេដឹកនាំ EU បាននិយាយថា ប្រាក់ចំណូលនេះអាចត្រូវបានប្រើប្រាស់ក្នុងរង្វង់រយៈពេល ២-៣ខែ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានឮសេចក្តីថ្លែងការណ៍ពីទីក្រុងប្រ៊ុចសែលថា ប្រាក់ចំណូលនៃទ្រព្យសម្បត្តិរបស់យើងមិនមែនជារបស់នរណាម្នាក់ទេ។ នេះមិនមែនដូច្នោះទេ។ ទ្រព្យសម្បត្តិទាំងនោះជាកម្មសិទ្ធិរបស់អ្នកកាន់ទ្រព្យសម្បត្តិ ពោលគឺជាម្ចាស់ទ្រព្យសម្បត្តិនោះ»៕