
រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាល្លឺម៉ង់ និងបារាំង នៅថ្ងៃសុក្រ (ទី២២ ខែមីនា) នេះ បានឲ្យដឹងថា ទីក្រុងប៊ែរឡាំង និងទីក្រុងប៉ារីសបានឈានដល់កិច្ចព្រមព្រម «ទម្លាយភាពទាល់ច្រក» ស្ដីអំពីរបៀបដើម្បីអភិវឌ្ឍរថក្រោះជំនាន់ក្រោយដែលបានគ្រោងទុក ដែលគេស្គាល់ថា ប្រព័ន្ធប្រយុទ្ធលើដីដ៏ទំនើប (MGCS) និងដើម្បីបំបែកភារកិច្ច រវាងប្រទេសទាំង២។
ដោយនិយាយនៅក្បែរសមភាគីបារាំង លោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់ថា៖ «នេះគឺលើសពីពាក្យថា ព្រឹត្តិការណ៍ដ៏សំខាន់មួយ តែវាគឺជាពេលវេលាប្រវត្តិសាស្ត្រ»។
គួរបញ្ជាក់ថា រថក្រោះ ដែលត្រូវបានគេសន្មត់ថា នឹងមកជំនួសប្រព័ន្ធ Leopard របស់អាល្លឺម៉ង់ និងប្រព័ន្ធ Leclerc របស់បារាំង គឺជាគម្រោងឧស្សាហកម្មអាវុធដ៏ធំទី២ រវាងប្រទេសទាំង២ ក្នុងនោះរួមជាមួយនឹងមហិច្ឆតារបស់ពួកគេ ក្នុងការសាងសង់យន្តហោះចម្បាំងជំនាន់ក្រោយដែលគេស្គាល់ថា ជា FCAS ផងដែរ។
លោក Pistorius បាននិយាយថា កិច្ចព្រមព្រៀងដែលបានកើតឡើងនៅថ្ងៃសុក្រនេះ រួមបញ្ចូលការយល់ដឹងដើម្បីបំបែកបរិមាណឧស្សាហកម្មស្មើៗគ្នា រវាងប្រទេសទាំង២ ដោយបន្ថែមថា ឯកសារផ្លូវការ ដើម្បីចាប់ផ្តើមដំណាក់កាលអភិវឌ្ឍន៍ដំបូង នឹងត្រូវចុះហត្ថលេខា នៅទីក្រុងប៉ារីស នាថ្ងៃទី២៦ ខែមេសា។
ជាមួយគ្នានេះ លោក Lecornu បានប្រាប់ថា រដ្ឋមន្ត្រី និងក្រុមការងាររបស់ពួកគេ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថក្រោះ KNDS បង្កើតសាខាក្នុងស្រុកមួយនៅប្រទេសអ៊ុយក្រែន ដើម្បីផលិតគ្រឿងបន្លាស់នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមនេះ និងបណ្តុះបណ្តាលកម្មករ ក្នុងស្រុក៕