កងទ័ព DPS ដែលឈរជើងនៅផ្នែកម្ខាងនៃព្រំដែនសហរដ្ឋអាមេរិក ក្បែរទីក្រុង El Paso បានបាញ់គ្រាប់កាំភ្លើង ជាគ្រាប់ដែលមិនបង្កគ្រោះថ្នាក់អាយុជីវិត ទៅលើជនអន្តោប្រវេសន៍ កាលពីថ្ងៃសុក្រ ដែលព្យាយាមរុះរើរបងបន្លាលួស និងរបាំង ខណៈភាពតានតឹងកើនឡើង។

តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចាប់ផ្តើមសវនាការលើថាតើត្រូវបន្តរារាំងច្បាប់រដ្ឋតិចសាស់ដែលគាំទ្រដោយគណបក្សសាធារណរដ្ឋឬយ៉ាងណា ដែលនឹងផ្តល់សិទ្ធអំណាចដល់អាជ្ញាធររដ្ឋដើម្បីចាប់ខ្លួន និងកាត់ទោសជនអន្តោប្រវេសន៍ ពីបទឆ្លងព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ ។

គណៈកម្មការចៅក្រមបីរូប នៃសាលាឧទ្ធរណ៍ទី ៥ ដែលមានមូលដ្ឋាននៅទីក្រុង New Orleans សហរដ្ឋអាមេរិក កំពុងពិចារណាលើបណ្តឹងឧទ្ធរណ៍របស់រដ្ឋ នៃសេចក្តីសម្រេចរបស់ចៅក្រមដែលបានបញ្ឈប់ច្បាប់នេះ ដែលត្រូវបានគេស្គាល់ថា SB4 ពីការចូលជាធរមាន ដោយរង់ចាំលទ្ធផលនៃការប្រជែងដោយរដ្ឋបាលប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden និងក្រុមសិទ្ធិមនុស្ស។
ជម្លោះជុំវិញច្បាប់រដ្ឋតិចសាស់ គឺជាជម្លោះផ្លូវច្បាប់ជាបន្តបន្ទាប់រវាងមន្ត្រីរដ្ឋ គណបក្សសាធារណរដ្ឋ និងរដ្ឋបាលលោក Biden ជុំវិញសមត្ថភាពរបស់រដ្ឋក្នុងការការពារព្រំដែន។
មន្ត្រីរដ្ឋតិចសាស់ បានស្តីបន្ទោសលោក Biden ចំពោះលំហូរចូលនៅច្រកព្រំដែនខុសច្បាប់ដែលពួកគេបាននិយាយថា ធ្វើឲ្យបាត់បង់ធនធានរបស់រដ្ឋ និងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។