រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសុក្រថា អ៊ីស្រាអែលប្រឈមហានិភ័យភាពឯកោជាសកលបន្ថែមទៀត ប្រសិនបើប្រទេសនេះបន្តផែនការវាយលុកតាមជើងគោកលើទីក្រុង Rafah របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោក Blinken បានជួបជាមួយលោក Netanyahu ក្នុងអំឡុងពេលបេសកកម្មសន្តិភាពទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈមានភាពតានតឹងក្នុងទំនាក់ទំនងជុំវិញការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

លោក Blinken បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv ថាយើងចែករំលែកគោលដៅរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ក្រុមហាម៉ាស ទោះបីជាយ៉ាងណាប្រតិបត្តិការជើងគោករបស់យោធាទ្រង់ទ្រាយធំនៅទីក្រុង Rafah ពុំមែនជាវិធីដើម្បីធ្វើដូច្នេះឡើយ។

លោក Blinken បាននិយាយថា វាមានហានិភ័យចំពោះការសម្លាប់ជនស៊ីវិលកាន់តែច្រើន វាមានហានិភ័យចំពោះការបំផ្លាញកាន់តែខ្លាំងសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ វាមានហានិភ័យភាពនៅឯកោបន្ថែមទៀតសម្រាប់អ៊ីស្រាអែលនៅជុំវិញពិភពលោក និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងជំហរយូរអង្វែង។
លោក Netanyahu បាននិយាយកាលពីពេលមុនថា អ៊ីស្រាអែលនឹងដើរតែម្នាក់ឯង ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែប្រឆាំងនឹងផែនការរុលចូលទៅក្នុងទីក្រុង Rafah នៅរបងព្រំដែនភាគខាងត្បូង ជាកន្លែងដែលពលរដ្ឋតំបន់ហ្កាហ្សាជាងមួយលាននាក់បានជ្រកកោននៅក្នុងទីជម្រកបណ្តោះអាសន្ន។
មេដឹកនាំអ៊ីស្រាអែល បាននិយាយថាលោកបានប្រាប់ លោក Blinken ថាលោកកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយ អ៊ីស្រាអែល ទទួលស្គាល់ថាវាចាំបាច់ដើម្បីការពារជនស៊ីវិល។
អ៊ីស្រាអែល និយាយថាទីក្រុង Rafah គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយខ្លួនមានផែនការជម្លៀសជនស៊ីវិលមុនពេលមានការវាយប្រហារ។ ទីក្រុង វ៉ាស៊ីនតោន និយាយថា ការវាយលុកតាមជើងគោក អាចជាកំហុសមួយ និងបង្កគ្រោះថ្នាក់ខ្លាំងដល់ជនភៀសខ្លួននៅទីនោះ។