យ៉ាងហោចណាស់មនុស្ស ៦០នាក់ បានស្លាប់ និង ១៤៥នាក់បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើអ្នកទៅមើលការប្រគុំតន្ត្រី នៅទីក្រុងមូស្គូ និងបានបំផ្ទុះគ្រឿងផ្ទុះ ដែលបានធ្វើឲ្យមានអគ្គិភ័យយ៉ាងធំ នៅក្នុងការវាយប្រហារបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងច្រើនបំផុតមួយ នៅប្រទេសរុស្ស៊ី ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ប្រទេសរុស្ស៊ីកំពុងស៊ើបអង្កេតថា តើអ្នកណានៅពីក្រោយការវាយប្រហារ នៅកន្លែងប្រគុំតន្ត្រី Crocus ដែលបានកើតឡើងក្នុងខណៈដែលហ្វូងមនុស្សកំពុងអង្គុយដើម្បីមើលការប្រគុំតន្ត្រីរបស់ក្រុមតន្រ្តីរ៉ុកជើងចាស់ Picnic កាលពីថ្ងៃសុក្រ (ទី២២ ខែមីនា)។ ក្រុមជ្រុលនិយម ISIL (ISIS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលត្រូវបានថ្កោលទោសដោយមេដឹកនាំពីជុំវិញពិភពលោក។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) លោក Farhan Haq បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Antonio Guterres «ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារភេរវកម្មថ្ងៃនេះ នៅឯសាលប្រគុំតន្ត្រី នៅខាងក្រៅទីក្រុងមូស្គូ ហើយលោកបន្ថែមថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ «សូមចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារនៃសព និងប្រជាជន និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី»។
ចំណែកក្រុមប្រឹក្សាសន្តិសុខ UN ក្រៅពីថ្កោលទោស ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើយ៉ាងណាត្រូវចាប់ខ្លួន និងនាំទៅកាត់ទោស ទាំងជនល្មើស អ្នករៀបចំ អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកឧបត្ថម្ភនៃអំពើភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើមនេះ។
ក្រៅពីស្ថាប័នកំពូលរបស់ពិភពលោកទាំង២ នេះ បណ្ដាមេដឹកនាំជាច្រើនរូបផ្សេងទៀត ក៏បានចូលរួមថ្កោលទោស និងចូលរួមរំលែកទុក្ខផងដែរ ដែលមានដូចជាអ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថានលោក Abdul Qahar Balkhi ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel ប្រធានាធិបតីបារាំងលោក French President Emmanuel Macron នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloniនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi អ្នកនាំពាក្យសេតវិមានលោក John Kirby រដ្ឋមន្ត្រីការបរទេសវេណេហ៊្សុយអេឡាលោក Yvan Gil ក្រសួងការបទេសអាល្លឺម៉ង់ និងក្រសួងការបរទេសជប៉ុនជាដើម៕