ប្រទេសហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានរារាំងនាវាផ្គត់ផ្គង់ហ្វីលីពីន និងបង្កការខូចខាតដល់នាវានេះ ដោយប្រើកាណុងបាញ់ទឹក នៅព្រឹកថ្ងៃសៅរ៍ (ទី២៣ ខែមីនា) នេះ នៅម្ដុំតំបន់ថ្មប៉ប្រះទឹកដាច់ស្រយាល និងមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។

យោធាហ្វីលីពីនបានឲ្យដឹងថា ការវាយប្រហាររយៈពេលជិត ១ម៉ោង បានកើតឡើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាកន្លែងដែលនាវារបស់ចិនបានប្រើកាណុងបាញ់ទឹក ហើយបានបុកជាមួយនាវាហ្វីលីពីន ដែលជាហេតុការណ៍ប្រឈមមុខដាក់គ្នាដដែលៗ ក្នុងប៉ុន្មានខែថ្មីៗនេះ។

យោធាបានបញ្ចេញឃ្លីបវីដេអូ ដែលបង្ហាញពីនាវាពណ៌ស ម្តងហើយម្តងទៀត បានបាញ់ទឹកដោយប្រើកាណុងបាញ់ទឹកដាក់នាវាមួយផ្សេងទៀត ដែលបើកក្បែរគ្នានោះ។ ចំណែកឃ្លីបវីដេអូមួយទៀតបានបង្ហាញពីនាវាពណ៌ស ២គ្រឿង បាញ់ទឹកក្នុងពេលដំណាលគ្នាដាក់នាវាតែមួយ។
បន្ថែមពីលើនោះ យោធាក៏បានចេញផ្សាយឃ្លីបមួយទៀតដែលបង្ហាញពីនាវាពណ៌សដែលមានអក្សរ «ឆ្មាំសមុទ្រចិន» បើកកាត់នាវាពណ៌ប្រផេះដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាទូកផ្គត់ផ្គង់ហ្វីលីពីនឈ្មោះ Unaizah May 4 (UM4)។
ដោយមិនបានពិពណ៌នាអំពីកម្រិតនៃការខូចខាត ឬថា តើមានអ្នករបួស ឬស្លាប់ដែរ ឬអត់នោះ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទូកផ្គត់ផ្គង់ UM4 បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅម៉ោងប្រហែល ៨:៥២ព្រឹក (ថ្ងៃសៅរ៍ ទី២៣ ខែមីនា) ដោយសារតែការបន្តប្រើកាណុងបាញ់ទឹកពីនាវាឆ្មាំសមុទ្រចិន»។
អ្នកនាំពាក្យឆ្មាំសមុទ្រចិន លោក Gan Yu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្បួននាវាហ្វីលីពីន «បានឈ្លានពានចូលក្នុងតំបន់នេះ បើទោះបីជាភាគីចិនបានព្រមានម្តងហើយម្តងទៀត និងការគ្រប់គ្រងផ្លូវក៏ដោយ« ដោយលោកបន្ថែមថា ចិនបានអនុវត្ត «ការគ្រប់គ្រង ការរារាំង និងការបណ្តេញចេញស្របតាមច្បាប់»៕