ក្រុមអ្នកជួយសង្គ្រោះ បានបន្តប្រតិបត្តិការបោសសម្អាតគំនរបាក់បែក និងស្វែងរកសាកសព ក្នុងសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូ នាថ្ងៃសៅរ៍ (ទី២៣ ខែមីនា) នេះ បន្ទាប់ពីមានការវាយប្រហារ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត។

ដោយដកស្រង់ទិន្នន័យបឋម គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មនុស្ស ៩៣នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់រងរបួស នៅក្នុងការវាយប្រហារមួយ កាលពីថ្ងៃសុក្រ (ទី២២ ខែមីនា) នៅជិតទីក្រុងម៉ូស្គូ ហើយបានព្រមានថា ចំនួនជនរងគ្រោះត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងក្នុងសម្លៀកបំពាក់បន្លំខ្លួន បានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិលើអ្នកទៅមើលការប្រគុំតន្ត្រីក្បែរទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ ជាហេតុការណ៍វាយប្រហារមួយដែលត្រូវបានពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអះអាងថា ជាស្នាដៃរបស់ខ្លួន៕
