មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកមានចារកម្មគាំទ្រដល់ការអះអាងរបស់ក្រុមរដ្ឋឥស្លាម (ISIS) នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលប្រាប់ថា ខ្លួនទទួលខុសត្រូវចំពោះការបាញ់ប្រហារបង្ហូរឈាមនៅឯកន្លែងប្រគុំតន្ត្រីមួយ នៅជិតទីក្រុងមូស្គូរបស់រុស្ស៊ី កាលពីថ្ងៃសុក្រ (ទី២២ ខែមីនា)។

នេះគឺជាព័ត៌មានខ្លះៗអំពីមែកធាងរបស់ក្រុមនេះ នៅអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថា ជា ISIS-Khorasan (ISIS-K) និងហេតុផលជម្រុញចិត្តរបស់ក្រុមនេះ ក្នុងការវាយប្រហារលើប្រទេសរុស្ស៊ី។
ក្រុម ISIS-K ដែលត្រូវបានគេដាក់ឈ្មោះតាមពាក្យចាស់សម្រាប់តំបន់ដែលរួមបញ្ចូលផ្នែកខ្លះនៃប្រទេសអ៊ីរ៉ង់ តួកម៉េនីស្ថាន និងអាហ្វហ្គានីស្ថាន បានលេចឡើងនៅភាគខាងកើតអាហ្វហ្គានីស្ថាន កាលពីចុងឆ្នាំ២០១៤ ហើយបានបង្កើតភាពល្ពីល្បាញយ៉ាងឆាប់រហ័ស ដោយសារអំពើឃោរឃៅបំផុតរបស់ពួកគេ។ ក្នុងនាមជាមែកធាងសកម្មបំផុតមួយក្នុងតំបន់របស់ក្រុមសកម្មប្រយុទ្ធ ISIS ក្រុម ISIS-K បានជួបប្រទះនូវការធ្លាក់ចុះសមាជិក ចាប់តាំងពីមានការកើនឡើងខ្ពស់បំផុត នៅឆ្នាំ២០១៨។ ទាំងកងកម្លាំងតាលីបង់ និងសហរដ្ឋអាមេរិកសុទ្ធតែបានរួមចំណែកធ្វើមានការបាត់បង់យ៉ាងធ្ងន់ធ្ងរនេះ។

ក្រុម ISIS-K នេះ មានប្រវត្តិវាយប្រហារជាច្រើន ក្នុងនោះរួមទាំងការវាយប្រហារប្រឆាំងវិហារឥស្លាម ទាំងក្នុង និងក្រៅប្រទេសអាហ្វហ្គានីស្ថាន។ នៅដើមឆ្នាំ២០២៤ នេះ សហរដ្ឋអាមេរិកចាប់បានទំនាក់ទំនងដែលបញ្ជាក់ថា ក្រុមនេះបានបំផ្ទុះគ្រាប់បែក ២គ្រាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សជិត ១០០នាក់។ កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រុមសកម្មប្រយុទ្ធ ISIS-K បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុងកាប៊ុល។
កាលពីដើមខែមីនា ឧត្តមសេនីយ៍ជាន់ខ្ពស់របស់អាមេរិកប្រចាំនៅមជ្ឈិមបូព៌ា បាននិយាយថា ក្រុម ISIS-K អាចវាយប្រហារផលប្រយោជន៍អាមេរិក និងលោកខាងលិច នៅខាងក្រៅប្រទេសអាហ្វហ្គានីស្ថាន «ក្នុងរយៈពេលមិនដល់ ៦ខែ និងដោយគ្មានសញ្ញាព្រមានជាមុនសូម្បីតិចតួច»។
ចុះហេតុអ្វីបានជាក្រុមនេះវាយប្រហាររុស្ស៊ី? ទោះបីជាការវាយប្រហារដោយក្រុម ISIS-K នៅរុស្ស៊ី កាលពីថ្ងៃសុក្រ (ទី២២ ខែមីនា) គឺជាហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដោយ ក៏អ្នកជំនាញបាននិយាយថា ក្រុមនេះបានប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកវេជ្ជបណ្ឌិត Colin Clarke មកពី «Soufan Centre» ដែលជាក្រុមស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុង Washington សហរដ្ឋអាមេរិក បាននិយាយថា៖ «ក្រុម ISIS-K ទទួលបានការចាប់អារម្មណ៍នៅរុស្ស៊ី ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារការរិះគន់ជាញឹកញាប់ ចំពោះលោក Putin នៅក្នុងការឃោសនារបស់ខ្លួន»។ ចំណែកលោក Michael Kugelman មកពីមជ្ឈមណ្ឌល Wilson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដែរនោះ បាននិយាយថា ក្រុម ISIS-K «មើលឃើញប្រទេសរុស្ស៊ីថា មានពាក់ព័ន្ធនៅក្នុងសកម្មភាពដែលគៀបសង្កត់ប្រជាជនម៉ូស្លីមជាប់ជានិច្ច»៕