កញ្ចប់ជំនួយត្រូវបានទម្លាក់ពីលើយន្តហោះ នៅតំបន់ហ្កាហ្សា នៅថ្ងៃសៅរ៍ (ទី២៣ ខែមីនា) នេះ ខណៈដែលអ៊ីស្រាអែលបានគំរាមបើកប្រតិបត្តិការយោធាដ៏ធំមួយ នៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលនៅកៀកនឹងតំបន់ឆ្លងកាត់ព្រំដែនជាមួយអេហ្ស៊ីប ដោយការគំរាមនេះបានធ្វើឡើង ទោះបីជាមានការអំពាវនាវជាអន្តរជាតិប្រឆាំងនឹងប្រតិបត្តិការនេះក៏ដោយ។

ខណៈដែលក្តីសង្ឃឹម ដើម្បីមានបទឈប់បាញ់ក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់អ្នកកាន់សាសនាឥស្លាម បានរសាត់បាត់ទៅ ហើយស្ថានភាពមនុស្សធម៌នៅហ្កាហ្សា កាន់តែធ្ងន់ធ្ងរឡើងៗ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានព្យាយាមប្រើប្រាស់ការទម្លាក់ពីលើអាកាស និងតាមនាវា ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ថែមទៀត។
ប៉ុន្តែភ្នាក់ងារមនុស្សធម៌និយាយថា មានប្រហែល ១ភាគ៥នៃបរិមាណផ្គត់ផ្គង់ដែលត្រូវការប៉ុណ្ណោះ បានចូលដល់តំបន់ហ្កាហ្សា ហើយមធ្យោបាយតែ១គត់ ដើម្បីបំពេញតម្រូវការនៅក្នុងតំបន់ឆ្នេរនេះ គឺការពន្លឿនការដឹកជញ្ជូនឲ្យបានបឆាប់រហ័សតាមផ្លូវ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅព្រំដែននៃប្រទេសអេហ្ស៊ីបជាមួយតំបន់ហ្កាហ្សា នៅថ្ងៃសៅរ៍នេះ ដើម្បីរំលឹកឡើងវិញនូវការអង្វរកសុំឲ្យមានបទឈប់បាញ់ ដែលអាចនាំមកនូវភាពធូរស្រាលដល់ដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមជាង ៥ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕