ប្រទេសស្លូវ៉ាគីបានចាប់ផ្តើមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃសៅរ៍ (ទី២៣ ខែមីនា) នេះ ដែលដំណើរការនេះអាចនឹងជួយពង្រឹងអំណាចរបស់នាយករដ្ឋមន្ត្រី លោក Robert Fico ខណៈដែលលោកស្វែងរកការគ្រប់គ្រងបន្ថែមទៀតលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ច្បាប់ប្រឆាំងអំពើពុករលួយមិនសូវតឹងរ៉ឹង និងសំឡេងប្រឆាំងនឹងការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះប្រទេសអ៊ុយក្រែន។

ការបោះឆ្នោតត្រូវបានបើកក្នុងការបោះឆ្នោតជុំទី១ ចាប់ពីម៉ោង ៧:០០ព្រឹក (ត្រូវនឹងម៉ោង ៦:០០ ម៉ោងសកល) ដល់ម៉ោង ១០:០០យប់ (ត្រូវនឹងម៉ោង ២១:០០ ម៉ោងសកល)។ ការប្រកួតប្រជែងជុំទី២ រវាងបេក្ខជនមានសំឡេងគាំទ្រច្រើនទាំង ២រូប នឹងត្រូវកំណត់នៅថ្ងៃទី៦ ខែមេសា ប្រសិនបើគ្មានអ្នកណាឈ្នះសំឡេងភាគច្រើនដាច់ខាត នៅចុងសប្តាហ៍នេះនោះទេ។

សម្ព័ន្ធមិត្តរបស់លោក Fico គឺលោក Peter Pellegrini វ័យ ៤៨ឆ្នាំ បានក្លាយជាបេក្ខជននាំមុខ ក្នុងការប្រជែងដើម្បីជំនួសតំណែងប្រធានាធិបតីលោកស្រី Zuzana Caputova វ័យ ៥០ឆ្នាំ ដែលជាគូប្រជែងដ៏ស្រួចស្រាល់របស់លោក Fico ទោះបីជាលោកស្រីមិនស្វែងរកអាណត្តិថ្មីក៏ដោយ។

ក្នុងចំណោមបញ្ជីបេក្ខជន លោក Pellegrini ត្រូវប្រឈមជាមួយលោក Ivan Korcok វ័យ ៥៩ឆ្នាំ ជាអតីតរដ្ឋមន្ត្រីការបរទេសគាំទ្រសហភាពអឺរ៉ុប ដែលចង់រារាំងរដ្ឋាភិបាលមិនឲ្យទទួលបានកៅអីប្រធានាធិបតី៕