នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងជូន អ្នកស្រី សាន សុផល ដែលជាកម្មការិនី នៃក្រុមហ៊ុន Y & W ដែលទើបសម្រាលបុត្រនៅមន្ទីរពេទ្យស្រឡាញ់ទារក ឬពេទ្យជប៉ុន។

អ្នកស្រីសាន សុផល បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងការងារ ដោយបានយកថវិកាមកដល់មន្ទីរពេទ្យផ្ទាល់ជូនអ្នកស្រី។ អ្នកស្រីពិតជាមានអារម្មណ៍រំភើបចំពោះកាយវិការទន់ភ្លន់ និងច្បាស់លាស់ក្នុងការដោះស្រាយអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតរបស់ក្រសួង។

សូមបញ្ជាក់ថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៣ ខែមីនា នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុន Y & W បានចំនួន ៣៧២៨នាក់ រួចមកហើយ៕




