ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តមណ្ឌលគីរី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចូលរួមអបអរសាទរទិវាព្រៃឈើអន្ដរជាតិ ២១ មីនា ដោយបញ្ជាក់ពីគោលជំហរ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថាន បានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាការចែកកូនឈើជាង ១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធសាស្រ្តភាពបៃតងរបស់កម្ពុជា រៀបចំឡើងស្របតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅ សម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ២០៥០។
ថ្ងៃទី២១ ខែមីនា ជាថ្ងៃដែលពិភពលោកប្រារព្ធទិវាព្រៃឈើអន្តរជាតិជារៀងរាល់ឆ្នាំ។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញទស្សនកិច្ច នៅថ្នាលបណ្ដុះកូនឈើ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្ដមណ្ឌលគីរី ដែលបានរៀបចំឡើង ក្នុងទិសដៅជំរុញយុទ្ធនាការភាពបៃតងរបស់កម្ពុជា ដែលបានដាក់ចេញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយបានចូលរួមចំណែកបណ្តុះកូនឈើ ដើម្បីចែកជូនដោយឥតគិតថ្លៃ យ៉ាងតិច១លានដើម ដល់ប្រជាពលរដ្ឋដាំ ក្នុងមួយឆ្នាំ គិតចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤តទៅ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានគ្រោងរៀបចំទិវាភាពបៃតងរបស់កម្ពុជា រយៈពេល៣យប់៣ថ្ងៃ នាដើមខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដើម្បីចែកកូនឈើយ៉ាងតិច ចំនួន១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំតាមកន្លែងផ្សេងៗ។
ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ នេះ មន្ទីរបរិស្ថានរាជធានី-ខេត្ដ បានបណ្ដុះកូនឈើបានចំនួន សរុប ១,១៤៤,៥៤៧ ដើម (មួយលានដបបួនម៉ឺនបួនពាន់ប្រាំរយសែសិបប្រាំពីរដើម) ក្នុងនោះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រី បានដឹកនាំបណ្ដុះដោយផ្ទាល់មានចំនួន ៣៧០,០០០ ដើម។ កន្លងមកនេះ មន្ទីរបរិស្ថានរាជធានី ខេត្ដ បានប្រគល់ និងចែកកូនឈើជូនប្រជាពលរដ្ឋជាបណ្តើរៗ បានចំនួន ២០៥,៦៧៨ដើម ជូនដល់ប្រជាសហគមន៍ សាលារៀន ដាំស្តារព្រៃលិចទឹក និងនៅកន្លែងផ្សេងៗទៀត៕