ភ្នំពេញ៖ ក្រុមក្រុមបវរកញ្ញាពិភពលោក ឆ្នាំ ២០២៤ (International Women's Universal 2024) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានជ្រើសរើសជាទីតាំងសលាមធ្យមវិចិត្រសិល្បៈ ដើម្បីធ្វើទស្សនកិច្ចក្នុងឱកាសដំណើរទស្សនកិច្ចរបស់ពួកគេនៅប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះបានដឹកនាំដោយ Miss PRY ANA ដែលជាបវរកញ្ញា ខ្មែរ-អាមេរិកាំងលំដាប់លេខរៀងទី៤ បន្ទាប់ពីបានប្រកាសលទ្ធផលកាល ពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតប្រជែង។

ក្នុងឱកាសទស្សនកិច្ចនេះ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំប្រគំតន្ត្រីសំនៀងស្រាល អមដោយបទចម្រៀង និងសម្តែងទស្សនីយភាពសិល្បៈក្នុងទម្រង់របាំបុរាណ របាំប្រពៃណី ល្ខោនខោល និងសិល្បៈសៀកដែលប្រគំ ច្រៀងនិងសម្តែងដោយសិស្សានុសិស្សសាលាតូរ្យតន្ត្រី សាលារបាំ និងសាលាសៀកផងដែរ។

ក្នុងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈនេះដែរក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលអមដំណើរដោយឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈប្រមាណជាង៣០០នាក់៕















