ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើក«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២» នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ គប្បីធ្វើការរួមគ្នាដើម្បីពង្រឹង និងបង្កើន នូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ ខណៈថ្នាលទាំងអស់នេះ គឺជាការទាក់ទាញនូវការអភិវឌ្ឍប្រទេសជាតិ និងសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន គឺត្រូវពង្រឹងនូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា ស្របទៅតាមបទដ្ឋានគតិយុត្តជាធរមាន ខណៈដែលកម្ពុជាមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ ជា ស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យខាងលើនេះស្រាប់ ដូច្នេះគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវតែ ពង្រឹងនូវថ្នាលទាំងបីខាងលើនេះ ដែលជាកត្តាមិនអាចខ្វះបាននោះឡើយ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្នមានភាពធន និងចេរភាព គឺចាំបាច់ត្រូវជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតាមរយៈជំរុញការវិនិយោគដោយផ្ទាល់ពីបរទេសទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន ហើយមួយវិញទៀតតួអង្គដែល មិនអាចខ្វះបានដែរនោះ គឺការអភិវឌ្ឍប្រព័ន្ធនិវានុវត្តន៍ជាតិមួយប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកលោក និងការជំរុញការបរិវត្តកម្មបច្ចេកវិទ្យាដោយវិស័យឧស្សាហកម្ម សហគ្រាសធនតូច និងមធ្យម ដើម្បីឆ្លើយតបទៅនឹងបរិវត្តឧស្សាហកម្ម៤.០ ក្នុងគោលដៅចាប់យកឲ្យបានលឿននូវបច្ចេកវិទ្យាចុងក្រោយទាំងឡាយ ដើម្បីបង្កើនផលិតភាពសហគ្រាស និងជំរុញសហគ្រាសបុរាណក្នុងស្រុក ដោយចាប់យកឲ្យបានទាន់ពេលវេលា និងពេញលេញនូវរឌ្ឍនភាពនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍៕ អត្ថបទ៖ បាន ចក់






