ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និងពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញចូលរួមពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
សម្ដេចធិបតីថ្លែងថា «វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និងពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិត ឱ្យកាន់តែប្រសើរឡើងសម្រាប់ជាតិមាតុភូមិ ជាពិសេសការបង្កើនល្បឿនដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងភាពប្រកួតប្រជែងក្នុងវិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។

សម្ដេចនាយករដ្ឋមន្រ្ដីបន្តថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះកំណត់ការសម្រេចឱ្យបាននូវការចាប់យកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសាកល។
សម្ដេចបញ្ជាក់ថា ក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការដើម្បីសម្រេចឱ្យបាននូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
សូមជម្រាបថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា និងសម្រេចជោគជ័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ៕




