ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈឱសថការីជាតិ អាណត្តិទី២ នៅថ្ងៃទី២៤ ខែមីនានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈឱថសការី ជូនដល់សមាជិកគណៈឱសថការីនៅរាជធានីភ្នំពេញ។ ពិធីនេះ រៀបចំនៅអាគារឈូកមាស ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានឱសថការីចំនួនជាង ៨រយនាក់បានចូលរួម។

នៅក្នុងពិធី ឯកឧត្តមឱសថការី បាន បុត្តា បានឱ្យដឹងថា គោលបំណងកម្មវិធីនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយឱ្យឱសថការីនៅរាជធានីភ្នំពេញយល់ដឹងពីលិខិតបទដ្ឋានគិតយុត្តផ្សេងៗ ក្នុងនាមឱសថការីគួរអនុវត្តយ៉ាងដូចម្តេចខ្លះ ដើម្បីស្របទៅច្បាប់ដែលបានកំណត់។ លើសពីនេះ ឯកឧត្តមបានរម្លឹកដល់ឱសថការីត្រូវគោរពតាមដែនកំណត់វិជ្ជាជីវៈឱសថការីឱ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឱ្យប្រឈមការដកអាជ្ញាបណ្ណ។

ឱសថការីបានឱ្យដឹងដែរថា ការចូលរួមក្នុងកម្មវិធីនាពេលនេះ គឺទទួលបានចំណេះដឹងជាច្រើនពីលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាឱសថសាស្រ្ត។ លើសពីនេះ ពួកគេប្តេជ្ញាថា នឹងគោរពដែនកំណត់វិជ្ជាជីវៈឱសថការីឱ្យបានត្រឹមត្រូវផងដែរ។

គួរបញ្ជាក់ដែរថា ដែនកំណត់វិជ្ជាជីវៈឱសថការី ត្រូវបានបង្កើតឡើងស្របតាមលិខិតបទដ្ឋានគិតយុត្តដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យបាននូវការផ្តល់ការថែទាំ និងសេវាឱសថសាស្រ្តប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈជូនដល់សាធារណៈជន។ ដែនកំណត់វិជ្ជាជីវៈឱសថការីនេះ មានរចនាសម្ព័ន្ធចែកចេញជា៦ផ្នែកសំខាន់ៗ សម្រាប់ដាក់ឱ្យឱសថការីអនុវត្ត៕ អត្ថបទ៖ ទូច សោភ័ណ




