អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ច្រកឆ្លងកាត់ក្រុងរ៉ាហ្វា (Rafah) កាលពីថ្ងៃសៅរ៍អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូហ្គូតេរេស បាននិយាយថា នៅតាមផ្លូវរថយន្ដដឹកជំនួយដែលត្រូវបានបិទនៅម្ខាងប្រទេសអេហ្ស៊ីប ដែលមានព្រំដែនជាប់តំបន់ហ្កាហ្សាស្រ្ទីប ជាកន្លែងដែលប្រជាជនកំពុងប្រឈមមុខនឹងការអត់ឃ្លាននោះ គឺជាទង្វើអសីលធម៌មួយមិនអាចទទួលយកបានឡើយ។
លោកហ្គូតេរេស បាននិយាយថា វាជាពេលវេលាសម្រាប់ប្រទេសអ៊ីស្រាអែលដែលត្រូវផ្ដល់នូវការធានាដ៏រឹងមាំមួយសម្រាប់ច្រកចេញចូលដឹកជំនួយមនុស្សធម៌ឆ្លងទៅតំបន់ហ្កាហ្សា ដោយគ្មានការរំខាន។
លោកបានប្រាប់អ្នកសារព័ត៌មាននៅមុខច្រកចូលតំបន់ឆ្លងកាត់រ៉ាហ្វាថា អង្គការសហប្រជាជាតិ នឹងបន្ដធ្វើកិច្ចការជាមួយប្រទេសអេហ្ស៊ីប ដើម្បីឱ្យមានលំហូរជំនួយចូលក្នុងតំបន់ហ្កាហ្សា ដែលជាចំណុចច្រកចូលមួយសម្រាប់ជំនួយមនុស្សធម៌នោះ៕ អត្ថបទ៖ មករា
