រុស្ស៊ី បាននិយាយថា ខ្លួនបានចាប់ខ្លួនខ្មាន់កាំភ្លើងទាំងអស់បួននាក់ ដែលសង្ស័យថាបានធ្វើសកម្មភាពបាញ់សម្លាប់រង្គាលនៅក្នុងសាលប្រគំតន្ត្រីក្បែរទីក្រុងមូស្គូ ហើយលោ ប្រធានាធិបតី Vladimir Putin បានប្ដេជ្ញាថានឹងតាមរក និងដាក់ទោស អ្នកនៅពីក្រោយការវាយប្រហារនេះ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែមានការចង្អុលបង្ហាញថា រុស្ស៊ីកំពុងស្វែងរកការជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន បើទោះបីជាមានការបដិសេធយ៉ាងដាច់អហង្ការពីក្រុមមន្ត្រីអ៊ុយក្រែន ថាទីក្រុង Kyiv ពុំមានពាក់ព័ន្ធនឹងការវាយប្រហារនោះក៏ដោយ។
អភិបាលតំបន់ក្រុងមូស្គូលោក អាឌ្រៀល វ៉ូរ៉ូបយ៉េវ (Andrei Vorobyov) បាននិយាយថា សាកសពចំនួន ១៣៣នាក់ត្រូវបានរកឃើញពីគំនរបាក់បែកក្នុងរយៈពេល ២៤ ម៉ោង ហើយក្រុមគ្រូពេទ្យកំពុង ព្យាយាមសង្រ្គោះជីវិតមនុស្ស ចំនួន ១០៧នាក់ ។ និពន្ធនាយកទូរទស្សន៍រដ្ឋ ម៉ាហ្គារីតា ស៊ីម៉ុនយ៉ាន់ (Margarita Simonyan) បានផ្តល់ចំនួនអ្នកស្លាប់ ១៤៣ នាក់ ដោយពុំបានដកស្រង់ប្រភពណាមួយនោះទេ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Putin បាននិយាយថា មនុស្ស ១១ នាក់ត្រូវបានឃុំខ្លួន រួមទាំងខ្មាន់កាំភ្លើងបួននាក់ផងដែរ។ យោងទៅតាមទិន្នន័យបឋម លោកបាននិយាយថា ពួកគេបានព្យាយាមលាក់ខ្លួន និងរត់ទៅប្រទេសអ៊ុយក្រែន ជាទីដែលផ្លូវមួយ ត្រូវបានរៀបចំសម្រាប់ពួកគេនៅខាងអ៊ុយក្រែន ដើម្បីឆ្លងកាត់ព្រំដែនរដ្ឋ ។
សេវាសន្តិសុខ FSB របស់រុស្ស៊ីបាននិយាយថា ក្រុមខ្មាន់កាំភ្លើងទាំងនោះ មានទំនាក់ទំនងក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានចាប់ខ្លួននៅជិតព្រំដែន។ ប្រភពដដែល បាននិយាយថាពួកគេត្រូវបានបញ្ជូនទៅកាន់ទីក្រុងមូស្គូ៕
