ក្រុមនិស្សិតអាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល មកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន១៣៩រូប បានធ្វើទស្សនៈកិច្ចសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌ សំណង់ស្ថាបត្យកម្ម បន្ទាប់ពីពួកគាត់ធ្លាប់បានសិក្សាតាមទ្រឹស្ដីនៅក្នុងសាលា។ ការធ្វើទស្សនកិច្ចនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៤។
លោកបណ្ឌិត កុល សារូ នាយករងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានប្រសាសន៍ថា ពួកគាត់បានសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ ដែលជាអាហារូបករណ៍ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ហើយពួកគាត់តែងតែទៅធ្វើទស្សនកិច្ចសិក្សាជារៀងរាល់ឆ្នាំ ពីប្រវត្ដិសាស្ដ្រវប្បធម៌ និងសំណង់ប្រាសាទបុរាណនៅតំបន់រមណីយដ្ឋានអង្គរ ដែលមកដល់ពេលនេះជាលើកទី២៤ហើយ។
ប្រាសាទដែលបានចុះទៅសិក្សាស្រាវជ្រាវ រួមមាន ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទអង្គរវត្ដ និងប្រាសាទសំខាន់ៗមួយចំនួនទៀត។ ក្រោយពេលបំពេញទស្សនកិច្ច ក្រុមនិស្សិតបានបានយល់ដឹងច្រើនពីបេតិកភ័ណ្ឌសំណង់ប្រាសាទខ្មែរ។លោកបណ្ដិតបន្ថែមថា ក្រុមនិស្សិតមានជំនាញខ្លះរៀនជំនាញផ្នែកច្បាប់ រៀនវិទ្យាសាស្ដ្រអប់រំ ប៉ុន្ដែពួកគាត់ត្រូវតែចេះចឹងពីប្រវត្ដិសាស្ដ្ររបស់ខ្លួនផងដែរ ព្រោះការគ្រប់គ្រងរដ្ឋមួយត្រូវការចេះច្រើនជំនាញ។ក្នុងនាមជាយុវជន ត្រូវចូលរួម តាមដាននឹងថែរក្សាតម្លៃនៃបេតិកភ័ណ្ឌដ៏អច្ចារ្យនេះ។ លោកបណ្ឌិត ក៍បានថ្លែងអំណរគុណដល់នាយកវិទ្យាស្ថានដែលតែងផ្ដល់ឱ្យនិស្សិតចុះកម្មសិក្សាឈ្វែងយល់ពីប្រាសាទបុរាណផងដែរ។
តំណាងឱ្យក្រុមនិស្សិតនិមួយៗ ពួកគាត់បានលើកឡើងថា ការធ្វើទស្សកិច្ចរយៈពេលបីថ្ងៃនេះ បានធ្វើឱ្យពួកគាត់ស្គាល់កាន់តែច្បាស់ពីសំណង់ស្ថាបត្យកម្មរបស់បុព្វការីជន ដែលបានបន្សល់ទុកឱ្យខ្មែរជំនាន់ក្រោយ។ ពួកគាត់បន្ដថា ប្រវត្ដិសាស្ដ្រវប្បធម៌ អរីយធម៌ ពិតជាបេតិកភ័ណ្ឌរបស់ជាតិខ្មែរ មិនអាចរកអ្វីមកកាត់ថ្លៃបានឡើយ។ការកសាងប្រាសាទនិមួយរបស់បុព្វបុរសខ្មែរ គឺមានភាពអស្ចារ្យខ្លាំងណាស់ ដែលប្រទេសដ៏ទៃទៀតមិនអាចធ្វើបាន។ ពួកគាត់នឹងចូលរួមថែរក្សានូវប្រវត្តិសាស្ដ្រវប្បធម៌របស់ខ្មែរឱ្យបានគង់វង្ស។
ពួកគាត់ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលតែយកចិត្ដទុកដាក់ផ្ដល់អាហារូបករណ៍ និងផ្ដល់ឱកាសឱ្យក្រុមនិស្សិតធ្វើកម្មសិក្សាស្វែងយល់ពីបេតិកភ័ណ្ឌបន្ថែមទៀតពីលើទ្រឹស្ដី នៅតាមប្រាសាទបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ។ បើតាមលោកបណ្ឌិត កុល សារូ បានលើកឡើងថា ការទស្សនកិច្ចសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌ របស់និស្សិតនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដល់ពេលនេះជាលើកទី២៤។ ក្រុមនិស្សិតទាំងនោះ ជានិស្សិតអាហាររូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ, សម្ដេចក្រឡាហោម ស ខេង និងឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឯកឧត្ដម ឧនាយករដ្ឋមន្ដ្រី សាយ សំអាល់ និងឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ៕