មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីចុងសប្ដាហ៍នេះ ជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដើម្បីធានាការដោះលែងចំណាប់ខ្មាំងដែល ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។
គណៈប្រតិភូអ៊ីស្រាអែល ដឹកនាំដោយប្រធានចារកម្មម៉ូហ្សាដ (Mossad) លោក ដេវីដ បានី (David Barnea) កំពុងស្ថិតនៅក្នុងទីក្រុងដូហា (Doha)ប្រទេសកាតា សម្រាប់ការចរចាដោយប្រយោលជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលប្រមុខទីភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិក លោក វីលៀម ប៊ន (William Burns) កំពុងជួយប្រទេសកាតា និងក្រុមមន្ត្រីអេហ្ស៊ីប ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់និងការដោះដូរចំណាប់ថ្នូរ។

ភាគីទាំងនោះធ្លាប់បាននិយាយកាលពីកន្លងទៅថា ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច អ៊ីស្រាអែលនឹងផ្អាកការវាយលុកនៅតំបន់ហ្កាហ្សាសម្រាប់រយៈពេល៦សប្តាហ៍ និងសង្គ្រោះចំណាប់ខ្មាំង៤០ នាក់ក្នុងចំណោម១៣០នាក់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស ពីការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣ បង្កឱ្យផ្ទុះសង្រ្គាមរហូតដល់សព្វថ្ងៃនេះ។
ក្រុមហាម៉ាស ចង់ឱ្យបទឈប់បាញ់ណាមួយ រួមបញ្ចូលការប្ដេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការបញ្ចប់សង្គ្រាម និងដកកម្លាំងចេញពីតំបន់ហ្កាហ្សា តែអ៊ីស្រាអែល បានច្រានចោលការលើកឡើងនេះ ដោយនិយាយថា ខ្លួននឹងជំរុញយុទ្ធនាការដើម្បីកម្ទេចក្រុមហាម៉ាសឲ្យដល់ឬសគល់៕

