មនុស្សជាច្រើននៅក្នុងប្រទេសឈីលី បានចេញតវ៉ានៅតាមដងផ្លូវនានានៃទីក្រុង សាន់ទីអាហ្គោ (Santiago)កាលពីចុងសប្ដាហ៍នេះ ដើម្បីអំពាវនាវឱ្យរដ្ឋបាលរបស់លោក ហ្គាប្រ៊ីយ៉ែល បូរីក (លោក Gabriel Boric) ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។

បាតុករដែលកាន់ទង់ជាតិប៉ាឡេស្ទីនបានដើរដង្ហែទៅកាន់វិមានប្រធានាធិបតីឈីលី និងទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីការឡោមព័ទ្ធរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង៣២.២០០នាក់ នៅក្នុងតំបន់ឡោមព័ទ្ធដោយអ៊ីស្រាអែល។
សហគមន៍ប៉ាឡេស្ទីនរបស់ប្រទេសឈីលី ដែលជាសហគមន៍ធំជាងគេនៅក្រៅមជ្ឈិមបូព៌ា គឺជាកម្លាំងសង្គម និងនយោបាយដ៏រឹងមាំនៅក្នុងប្រទេសស្ថិតនៅតំបន់ភ្នំអង្គ (Andean) ដែលចូលរួមក្នុងនយោបាយ វប្បធម៌ និងកីឡាក្នុងស្រុក។

យោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីនជាង ៣២.០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។
សូមរម្លឹកថា សង្គ្រាមនេះ ត្រូវបានបង្កឡើងនៅពេលក្រុមយុទ្ធជនហាម៉ាស បានបើកការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់មនុស្ស ប្រមាណ ២៥៣នាក់ជាចំណាប់ខ្មាំង៕
