ក្រុមមន្ត្រីបាននិយាយថា រដ្ឋធានី គីវ (Kyiv)របស់ប្រទេសអ៊ុយក្រែន និងតំបន់ភាគខាងលិចនៃទីក្រុង ល្វីវ (Lviv) បានស្ថិតនៅក្រោមការវាយប្រហារតាមអាកាស ដ៏ខ្លាំងក្លា របស់រុស្ស៊ីនៅព្រឹកថ្ងៃអាទិត្យ ២៤ មីនា ហើយកងកម្លាំងប៉ូឡូញ ក៏ត្រូវបានដាក់ឱ្យត្រៀមលក្ខខណៈផងដែរ។
រុស្ស៊ី និងអ៊ុយក្រែន បានចូលរួមនៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ដោយការវាយប្រហារកាលពីថ្ងៃអាទិត្យក៏កើតមានឡើងផងដែរ មួយថ្ងៃបន្ទាប់ពីយោធារុស្ស៊ី បាននិយាយថាខ្លួនដណ្តើមបានភូមិ អ៊ីវ៉ានីវស្កេ( Ivanivske) ភាគខាងលិចទីក្រុងបាកម៉ូដ ( Bakhmut) របស់អ៊ុយក្រែន។

ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធលើសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៣នាក់ក៏បានក្លាយជាចំណុចក្ដៅថ្មីរវាងគូប្រជែងទាំងពីរផងដែរ។
អភិបាលក្រុង Kyiv លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បានបង្ហោះនៅលើបណ្ដាញសង្គមTelegram នៅថ្ងៃអាទិត្យថា មានការផ្ទុះជាច្រើននៅក្នុងរដ្ឋធានី។ ប្រព័ន្ធការពារដែនអាកាសកំពុងដំណើរការ។
ចំណែកអភិបាលតំបន់ក្រុងល្វីវ លោក ម៉ាស្គីម កូហ្ស៊ីតស្គី (Maksym Kozytskyi) បាននិយាយថា ស្រុក ស្ទី (Stryi) ភាគខាងត្បូងទីក្រុង ល្វីវ ជិតព្រំដែនប៉ូឡូញ ក៏ត្រូវបានរងការវាយប្រហារផងដែរ។

អ៊ុយក្រែន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការប្រកាសអាសន្នផ្លូវអាកាសទូទាំងប្រទេស ដែលព្រមានពីមីស៊ីលតម្រង់គោលដៅ ត្រូវបានបាញ់ស្រោចចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS របស់រុស្ស៊ី។ការជូនដំណឹងត្រូវបានដកចេញ ប្រហែលពីរម៉ោងក្រោយមក។
លោក ហ្ស៊ើហ្គី ប៉ូបកូ (Sergiy Popko) ប្រធានរដ្ឋបាលយោធាទីក្រុង Kyiv បាននិយាយថា មីស៊ីលជាច្រើនគ្រាប់ត្រូវបានបាញ់ស្រោចលើតំបន់ជាច្រើនក្នុងរដ្ឋធានី គីវ នៅក្នុងការវាយប្រហារមុនព្រឹកព្រលឹមលើកទី ៣ ក្នុងរយៈពេល៤ ថ្ងៃ៕
