រុស្ស៊ី បានបង្ហូតទង់ជាតិពាក់កណ្ដាលដងសម្រាប់ពេលវេលាកាន់ទុក្ខរយៈពេលមួយថ្ងៃ ហើយបានចោទប្រកាន់បុរសបួននាក់ដែលខ្លួនបានចោទប្រកាន់ថាបានបាញ់សម្លាប់មនុស្សដ៏រង្គាលនៅឯការប្រគំតន្ត្រីមួយនៅខាងក្រៅទីក្រុងមូស្គូកាលពីយប់ថ្ងៃសុក្រ ទី២២មីនាសប្ដាហ៍មុន ក្នុងការវាយប្រហារដ៏សាហាវបំផុតក្នុងទឹកដីរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍មិនធ្លាប់មាន។

លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសថ្ងៃអាទិត្យ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេសបន្ទាប់ពីបានសន្យាថានឹងដាក់ទោសអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស ១៣៧នាក់ រួមទាំងកុមារ៣នាក់ និង១៨២នាក់បានរងរបួស។

មនុស្សជាង១០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្លះមានសភាពធ្ងន់ធ្ងរ។វីដេអូបានបង្ហាញលោក Putin ក្នុងទឹកមុខស្រងូតស្រងាត់ កំពុងអុជទៀននៅព្រះវិហារនៅគេហដ្ឋានរបស់លោកនៅខាងក្រៅក្រុងមូស្គូកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់។

កាលពីព្រឹកថ្ងៃអាទិត្យ មនុស្សម្នាជាច្រើនបានដាក់ផ្កានៅឯសាលប្រគំតន្ត្រី ក្រូកាសស៊ីរីហល (Crocus City Hall) ជាសាលប្រគំតន្ត្រីដែលមានកៅអី ៦.២០០ នៅខាងក្រៅទីក្រុងមូស្គូ ជាកន្លែងដែលបុរសប្រដាប់អាវុធ ៤ នាក់បាន បើកការបាញ់ប្រហារ និងបំផ្ទុះគ្រឿងផ្ទុះ មុនពេលក្រុមតារារ៉ុកសម័យសូវៀត Picnic គ្រោងសម្តែងបទដែលមានចំណងជើងថា "Afraid of Nothing" ។ បុរសទាំងនោះបានបាញ់រះដោយប្រើអាវុធស្វ័យប្រវត្តិរបស់ពួកគេក្នុងរយៈពេលខ្លីទៅលើជនស៊ីវិលដែលបានស្រែកទ្រហោយំពោពេញដោយភាពស្លន់ស្លោរ។
ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប៉ុន្តែលោក Putin ពុំបាននិយាយជាសាធារណៈអំពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមពាក់ព័ន្ធនឹងក្រុមអ្នកវាយប្រហារនោះទេ ដែលលោកបាននិយាយថាពួកគេបានព្យាយាមរត់គេចខ្លួនទៅកាន់អ៊ុយក្រែន។ លោកបានលើកឡើងថា អ្នកមួយចំនួននៅខាងភាគីប្រទេសអ៊ុយក្រែន ត្រូវបានត្រៀមខ្លួនដើម្បីជំរុញឲ្យពួកខ្មាន់កាំភ្លើងឆ្លងកាត់ព្រំដែន៕