សមាជិកម្នាក់នៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ (២៤ មីនា) ថាខ្លួននឹងចាកចេញពីរដ្ឋាភិបាលគ្រាអាសន្នជាតិ ប្រសិនបើសំណើច្បាប់ដែលបន្តលើកលែងជនជាតិជ្វីហ្វជ្រុលនិយមពីការបម្រើយោធាកាតព្វកិច្ច ត្រូវបានអនុម័តជាច្បាប់ពេញលេញ។

រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីកណ្តាលនិយម លោក បេននី ហ្កាន់ស៍ (Benny Gantz) ដែលបានគំរាមលាលែងពីរដ្ឋាភិបាលគ្រាអាសន្ននេះបានបន្ថែមថា «សភាអ៊ីស្រាអែល មិនត្រូវបោះឆ្នោតឱ្យពង្រាងច្បាប់នេះទេ។ ច្បាប់ស្តីពីការអនុគ្រោះ ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនេះ គឺជាការបរាជ័យខាងសីលធម៌ដ៏ធ្ងន់ធ្ងរដែលនឹងបង្កើតការប្រេះឆាដ៏ជ្រៅនៅក្នុងប្រទេស ស្របពេលដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវ»។

គណបក្សរបស់លោក ហ្កាន់ស៍ តែមួយនឹងមិនអាចទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ បានឡើយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ក៏បានចេញមុខប្រឆាំងនឹងពង្រាងច្បាប់នេះផងដែរ ដោយបង្ហាញពីការប្រឆាំងនៅក្នុងគណបក្ស លីគុត (Likud) ស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ។

សំណើច្បាប់នេះមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែយោងទៅតាមប្រភពលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានឱ្យដឹងថា ច្បាប់នេះធ្វើឱ្យមានការលើកលែងផ្នែកយោធាដែលមានជម្លោះជាយូរមកហើយសម្រាប់ជនជាតិជ្វីហ្វជ្រុលនិយម និងថែមទាំងអាចពង្រីកបានទៀតផង៕