ក្រសួងការពារជាតិចិន កាលពីថ្ងៃអាទិត្យ (២៤ មីនា) បានព្រមានហ្វីលីពីន ប្រឆាំងនឹងសកម្មភាព «បង្កហេតុ» នៅសមុទ្រចិនខាងត្បូង ហើយបាននិយាយថា ប្រទេសចិន បេជ្ញាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន រយៈពេលមួយថ្ងៃបន្ទាប់ពីឧប្បត្តិហេតុនៅក្នុងដែនទឹកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។

ក្រសួងការពារជាតិ បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រសិនបើហ្វីលីពីន ប្រឆាំងនឹងខ្សែបន្ទាត់របស់ចិនម្តងហើយម្តងទៀត ប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត ដើម្បីការពារអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន»។

ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីឆ្មាំល្បាតឆ្នេរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានចាត់វិធានការប្រឆាំងនឹងនាវាហ្វីលីពីន នៅក្នុងដែនទឹកដែលមានជម្លោះក្បែរកោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) និងប្រជុំកោះ ស្រ្ពាតលី (Spratly) មួយថ្ងៃមុននោះ ដែលជាសកម្មភាពដែលហ្វីលីពីនបានហៅថា «គ្មានការទទួលខុសត្រូវ និងបង្កហេតុ»។

ក្រុមការងារហ្វីលីពីន ប្រចាំនៅសមុទ្រចិនខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថាឧបទ្ទវហេតុនេះរួមមានការប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូកស៊ីវិលដែលត្រូវបានជួលដើម្បីផ្គត់ផ្គង់កងទ័ពឡើងវិញ៕