ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអាទិត្យ (២៤ មីនា) ថា អ៊ីស្រាអែលបានជូនដំណឹងដល់អង្គការសហប្រជាជាតិថា ខ្លួននឹងលែងអនុម័តក្បួនដឹកជញ្ជូនអាហាររបស់ទីភ្នាក់ងារ UNRWA ទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សា ទៀតហើយ។

ប្រមុខ UNRWA លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «នេះគឺរឿងគួរឱ្យខឹងសម្បារយ៉ាងខ្លាំង ហើយអ៊ីស្រាអែល មានចេតនារារាំងជំនួយសង្គ្រោះជីវិតក្នុងអំឡុងពេលទុរ្ភិក្ស ដែលបង្កើតឡើងដោយមនុស្ស។ ការរឹតបន្តឹងទាំងនេះត្រូវតែត្រូវដកចេញភ្លាមៗ»។

ទីភ្នាក់ងារ UNRWA ដែលផ្តល់ជំនួយ និងសេវាកម្មដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងនៅទូទាំងតំបន់ជិតបូព៌ា បានជួបវិបត្តិចាប់តាំងពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិករបស់ខ្លួនរាប់សិបនាក់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល។

ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនមួយនេះ និងអេហ្ស៊ីប បាននិយាយកាលពីសប្តាហ៍មុនថា លោក ឡាហ្សារីនី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងគែរ ត្រូវបានអាជ្ញាធរអ៊ីស្រាអែល បដិសេធមិនអោយចូលទៅក្នុងតំបន់ហ្កាហ្សា៕